សង្គម

បើកហាងបាយក្នុងតម្លៃធូរថ្លៃបំផុត ដើម្បីឲ្យអ្នកក្រខ្សត់ទទួលបានអាហារពិសារយ៉ាងឈ្ងុយឆ្ងាញ់ទោះមាន១០បាត ឬ១ពាន់រៀលក្នុងដៃ

BY
Khmernote Media
October 3, 2019

អាហារគឺជារឿងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះពុំមាននរណាម្នាក់រស់នៅដោយមិនហូបចុកអ្វីនោះឡើយ ដោយឡែកស្របពេលដែលបន្លែត្រីសាច់ចេះតែឡើងថ្លៃ តម្លៃនៃម្ហូបអាហារដែលដាក់លក់ក៏ហាក់កើនឡើងតាមហ្នឹងដែរ។ នេះជាមូលហេតុមួយដែលពិបាកសម្រាប់មនុស្សដែលមានជីវភាពខ្សត់ខ្សោយពុំមានថវិកាគ្រប់គ្រាន់ ពួកគេពិបាកក្នុងការស្វែងរកអាហារញ៉ាំ។

ដោយឡែកហាងលក់បាយម្ហូបមួយរបស់លោកយាយ នេវ៉ារ៉ាត់ ភិសុរ៉ាក់ ឬ ចែមួយ អាយុ ៥៧ឆ្នាំ រូបនេះវិញ បែរជាលក់អាហារមួយក្នុងតម្លៃដែលសមរម្យបំផុតនោះគឺមានចន្លោះចាប់ពី១០បាត (ប្រមាណជា១០០០រៀល) ដល់២០បាត (ប្រមាណជា២០០០រៀល) ទាំងអស់គ្រប់មុខម្ហូបកុម្ម៉ង់ មិនថាបាយ ម្ហូប ឬគុយទាវនោះឡើយ។ លោកយាយបានប្រាប់ពីមូលហេតុឲ្យដឹងថាគ្រាមួយដែលលោកយាយខ្វះខាតថវិកា លោកយាយត្រូវរង់ចាំដល់ម៉ោងគេជិតបិទហាងដើម្បីរង់ចាំទិញបាយម្ហូបនៅសល់ក្នុងតម្លៃ៩០បាត (ប្រមាណជា១ម៉ឺនរៀល) បើទោះបីជាម៉ោងបិទហាងទៅហើយ អាហារក៏បញ្ចុះតម្លៃ តែវានៅតែស្ថិតក្នុងតម្លៃមួយដ៏ថ្លៃដដែល។

ហេតុនេះពេលលោកយាយត្រលប់មកស្រុកវិញ នៅឯខេត្តអាងថង ប្រទេសថៃ លោកយាយបានបើកហាងលក់ម្ហូបអាហារមួយដោយដាក់ឈ្មោះខ្លួនឯង និងលក់ម្ហូបអាហារក្នុងតម្លៃដ៏សមរម្យ នោះគឺត្រឹមតែ១០បាត ទៅ២០បាត ប៉ុណ្ណោះ។ លោកយាយធ្វើបែបនេះដើម្បីឲ្យអ្នកដែលពុំសូវមានប្រាក់អាចញ៉ាំបាយបានឆ្អែត ព្រមទាំងអាចទទួលអាហារថ្មីៗញ៉ាំដោយពុំបាច់ត្រូវរង់ចាំដល់ម៉ោងបិទហាង ញ៉ាំអាហារសល់នោះឡើយ។ ហាងលក់បាយរបស់លោកយាយអាចមើលទៅតូចតាច តែទឹកចិត្តលោកយាយមានចំពោះភ្ញៀវគ្រប់គ្នាគឺមិនតូចនោះឡើយ៕

Share This Post: