សង្គម

ខ្ញុំមិនតូចចិត្តទេ ដែលមានម៉ែជាអ្នកក្រ ព្រោះភាពក្រមិនមែនជាឆាកបញ្ចប់នៃក្តីស្រម៉ៃរបស់ខ្ញុំនោះឡើយ

BY
Khmernote Media
October 5, 2019

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃក្រោយក្មេងស្រីអាយុ១៤ឆ្នាំមួយរូប មានគ្រួសារក្រីក្រខិតខំប្រឹងប្រែងឆ្លៀតពេលទំនេរពីការសិក្សាដើររើសអេតចាយដើម្បីជួយម្តាយ និងដើម្បីបានប្រាក់សិក្សា។

ប្អូនស្រី ធីតារ៉ាត់ ចាត់ទុរ៉ុង ហៅ គ្រីម អាយុ ១៤ឆ្នាំ សព្វថ្ងៃរស់នៅឯខេត្តណាខនស៊ីថាំរ៉ាត ប្រទេសថៃ បានរៀបរាប់ឲ្យដឹងពីជីវភាពរបស់នាងថា៖ «មានពេលខ្លះខ្ញុំលួចយំច្រណែនមិត្តភក្តិ ព្រោះចង់មានឧបករណ៍សិក្សាគ្រប់គ្រាន់ ចង់ទៅរៀនរាល់ថ្ងៃដូចគេ ចង់ចេះ ចង់មានវិជ្ជា តែមិនអីទេ ព្រោះម្តាយខ្ញុំគាត់គ្មានប្រាក់ ចឹងបានប៉ុណ្ណឹងខ្ញុំក៏សប្បាយ។ រាល់ថ្ងៃខ្ញុំរស់នៅជាមួយប្អូនស្រី ម្តាយ និងលោកតា ដោយកាលពីមុនលោកតាគាត់ជាអ្នកបង់សំណាញ់ចាប់ត្រី តែពេលនេះគាត់មើលពុំច្បាស់គាត់ក៏បានសម្រាកពីការងារនោះ។

អ្នកម្តាយខ្ញុំជាអ្នកប្រកបរបររកអេតចាយ ដើរស្វែងរកសំណល់អេតចាយដែលអាចលក់បានដើម្បីយកមកលក់មានប្រាក់សម្រាប់ចាយវាយ និងសិក្សា។ ខ្ញុំឃើញម៉ែលំបាកហត់នឿយ ព្រោះគាត់ជាស្ត្រីតែម្នាក់ដែលធ្វើគ្រប់យ៉ាងដើម្បីកូន។ ពុកខ្ញុំបានចែកផ្លូវជាមួយម៉ែតាំងពីខ្ញុំនៅតូច គាត់ក៏ធ្លាប់មកលេងម្តងដែរ តែខ្ញុំមិនចាំមុខគាត់ច្បាស់នោះឡើយ ព្រោះវាយូរឆ្នាំកន្លងទៅហើយ។ ពេលទំនេរខ្ញុំតែងតែជួយម៉ែ ព្រោះចង់សម្រាលបន្ទុក និងចង់រកលុយឲ្យបានច្រើនដើម្បីបានទៅរៀន។ ថ្ងៃអនាគតខ្ញុំចង់ក្លាយជាគ្រូបង្រៀនផ្នែកសិល្បៈគំនូរ ដើម្បីមានប្រាក់ជួយគ្រួសារ ជួយម៉ែឲ្យគាត់បានញ៉ាំឆ្ងាញ់ និងគេងលក់ស្រួល»។

ប្អូនស្រី គ្រីម បានបន្ថែមថា៖ «ម៉ែតែងប្រាប់ខ្ញុំថា យើងរើសកំណើតកើតមិនបាន បានកើតមកជាកូនម៉ែក្រ តើខ្ញុំតូចចិត្តទេ? ខ្ញុំឆ្លើយថាអត់ទេ ព្រោះតែមានម៉ែជាកម្លាំងចិត្ត ម៉ែខ្ញុំធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ និងប្អូនខ្ញុំ ដើម្បីពួកយើងបានរៀន។ ការងារអ្វីក៏ខ្ញុំឃើញគាត់ធ្វើមិនថាអ្នកអនាម័យនៅសាលារៀន ដើរប្រមូលអេតចាយជាដើម។ ខ្ញុំមិនតូចចិត្តទេ ដែលមានម៉ែជាអ្នកក្រ ព្រោះភាពក្រមិនមែនជាឆាកបញ្ចប់នៃក្តីស្រម៉ៃរបស់ខ្ញុំនោះឡើយ ខ្ញុំនឹងខំរៀន ធ្វើការជួយម៉ែ ព្រោះខ្ញុំស្រលាញ់ម៉ែ»៕

Share This Post: