បច្ចេកវិទ្យា

ច្បាស់ហើយ! កំពូលស្មាតហ្វូន G7 របស់ក្រុមហ៊ុន LG ក៏មានក្បាលឆកដែរ

BY
Khmernote Media
April 2, 2018

កាលពីប្រមាណជាមួយខែមុន យើងធ្លាប់បានបង្ហាញជូនលោកអ្នកម្ដងរួចមកហើយនូវរូបភាពពិតៗរបស់កំពូលស្មាតហ្វូន LG G7 ប៉ុន្ដែវាពុំត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការឡើយ។ លុះក្រោយមក យើងសង្កេតឃើញមានរូបភាពផ្សេងទៀត ទាក់ទងទៅនឹង G7 ហើយមនុស្សជាច្រើនក៏ជឿថា លើកនេះក្រុមហ៊ុន LG នឹងធ្វើការប្រកាសជាផ្លូវការ។ ផ្ទុយទៅវិញ រហូតមកដល់ពេលបច្ចុប្បន្ន រូបភាពជាច្រើននៅតែទទួលបានការបែកធ្លាយដដែល ហើយលើកនេះគឺបង្ហាញច្បាស់ៗគ្រប់ជ្រុងជ្រោយតែម្ដង។

សម្រាប់រូបភាពបែកធ្លាយចុងក្រោយនេះ ត្រូវបានបង្ហាញដោយលោក @OnLeaks ហើយវាពិតជាដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញពីមុនអញ្ចឹង។ ចំពោះរចនាបទ គឺមានក្បាលឆក ហើយអេក្រង់លាតសន្ធឹងស្ទើរពេញផ្ទៃខាងមុខ ជាមួយនឹងទំហំប្រហែលជា 6អ៊ីញ។ ផ្ទៃខាងក្រោយរបស់ LG G7 មានបំពាក់ដោយកាមេរ៉ាភ្លោះ ជាមួយនឹង LED Flash មួយ Laser auto focus មួយ និងបន្ទះស្កេនស្នាមក្រយ៉ៅដៃផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រន្ធដោតកាស 3.5មម គឺនៅតែមាន។

យោងតាមពាក្យចចាមអារាមដដែល LG G7 អាចនឹងមានទំហំ 153.2 x 71.9 x 8.2មម ជាមួយនឹងកម្ពស់ខ្ពស់ជាង និងស្ដើងជាងម៉ូដែល LG G6។ លើសពីនេះទៅទៀត ម៉ូដែលកំពូលនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 845 មានទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។

ទាក់ទងទៅនឹងកាលបរិច្ឆេតប្រកាសជាសាធារណៈ ក្រុមហ៊ុន LG អាចនឹងធ្វើឡើងក្នុងខែឧសភា។ ថ្វីបើមនុស្សភាគច្រើនមិនចូលចិត្តរចនាបទក្បាលឆកមែនពិត តែក្រុមហ៊ុន LG នៅតែព្យាយាមប្រើប្រាស់រចនាបទនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុននៅតែសង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីសំណាកអតិថិជន។

Fu

ប្រភព៖ phonearena

Share This Post: