លោក សុខ សប្បាយណា៖ ព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ផ្តល់នូវសប្បាយភាព ថែរក្សាវប្បធម៌ និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញនូវក្តីស្រមៃរបស់ខ្លួនឱ្យក្លាយជាការពិត
ព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួម អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ«សាទរមរតដូនតា» នឹងមានការសម្តែងនិងបង្ហាញ អំពីល្បែងប្រជាប្រិយ៍ របាំប្រពៃណី ជីវភាពរស់នៅ របស់ប្រជាជនខ្មែរ និងសិល្បៈទស្សនីយ៍ភាពផ្សេងៗ ដោយយុវជន យុវនារី សិល្បៈករ សិល្បៈការិនី រួមនឹងលើកនូវកេរដំណែលអរិយធម៌ និងស្នាដៃនានា របស់បុព្វបុរសខ្មែរ ដែលបន្សល់ទុកជាយូលុងមកហើយ មករំលេញជាផ្ទាំងទស្សនីយភាពនៅលើទឹកដីនៃអាណាចក្រវប្បធម៌ ក្នុងខេត្តសៀមរាប។
លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ប្រតិបត្តិ នៃព្រឹត្តិការណ៍ អង្គរសង្រ្កានបានថ្លែងឱ្យដឹងនៅក្នុង ពិធីប្រកាសលទ្ធផល ប្រកួតប្រជែង ការរចនា អាវយឺត និងប័ណ្ណ ជូនពរ សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៨ ដែលបានធ្វើនៅថ្ងៃទី២ខែមេសានេះថា ព្រឹត្តិការណ៍អង្គរសង្រ្កាន ក្រៅពី ផ្តល់នូវ សប្បាយភាព ការរំលឹកឡើងពីកេរដំណែល អរិយធម៌ វប្បធម៌របស់ខ្មែរ ក៏ជាឱកាសមួយ ផ្តល់ឱ្យយុវជនខ្មែរ ចូលរួមបង្ហាញនូវក្តីស្រមៃរបស់ខ្លួន ឱ្យក្លាយជាការពិត តាមរយៈ គំនិតច្នៃប្រឌិតថ្មីៗ ក្នុងន័យ ការពារ ថែរក្សា សម្បត្តិ វប្បធម៌ និងកេរដំណែលរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ពិសេស ចួលរួមបញ្ចេញស្នាដៃ ក្នុងការរចនាលើផ្ទាំងផ្សព្វផ្សាយនានា ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រមទាំងបន្តផ្សព្វផ្សាយព្រឹត្តការណ៍ អង្គរសង្រ្កានឆ្នាំឱ្យកាន់តែទូលំទូលាយថែមទៀត។
លោកប្រធានលេខាធិការដ្ឋានបានបន្តថា ព្រឹត្តការណ៍អង្គរសង្រ្កានឆ្នាំនេះ ធ្វើឡើងធំជាងឆ្នាំមុនៗ នឹងមានយុវជនចូលរួមជាង៤ពាន់នាក់ ហើយក៏រំពឹងថា នឹងមានអ្នកចូលរួមទស្សនា ទាំងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ មានការកើនឡើងច្រើនជាងឆ្នាំមុនៗផងដែរ។
លោកបញ្ជាក់ថា ឆ្លងតាមការប្រកួតប្រជែង ដ៏ស្វិតស្វាញលើវិញ្ញាសារ រចនាលើអាវយឺត និងប័ណ្ណជូនពរ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងរាប់រយនាក់ រួមទាំងព្រះសង្ឃផងនោះ គណៈកម្មការវាយតម្លៃ ស្នាដៃប្រកួតប្រជែង បានរកឃើញបេក្ខជន ដែលមានស្នាដៃល្អជាច្រើនរូប ហើយយកស្នាដៃរបស់បេក្ខជនទាំងនោះ មកដាក់ឱ្យសាធារណៈជន បោះឆ្នោតជ្រើសរើសយកស្នាដៃល្អឯក ក្នុងនោះ គេបានរកឃើញបេក្ខជនចំនួន៣រូប រចនាលើអាវយឺត និង៣រូបទៀត មានស្នាដៃរចនាលើប័ណ្ណ ជូនពរ ដើម្បីបង្ហាញស្នាដៃ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៨នេះ។
ជាមួយគ្នានោះ លោក សុខ សប្បាយណា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៨ នៅលើទឹកដី នៃអរិយធម៌ របស់កម្ពុជា និង ចូលរួមក្នុងកិច្ចការសង្គមឱ្យបានច្រើន ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅពេលខាងមុខនេះ ដើម្បីបង្ហាញនូវ វប្បធម៌ ប្រពៃណី ទំនាមទំលាប់ ដ៏ល្អផូរផង់ ដែលដូនតាខ្មែរ បានបន្សល់ទុក ឱ្យអ្នកជំនាន់ក្រោយ និងភ្ញៀវបរទេស បានយល់ដឹងកាន់ច្រើន នៅជុំវិញពិភពលោក៕







