យុវជនយុវតី៥រូប នឹងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុងឌូបៃ
ភ្នំពេញ៖ សិស្សានុសិស្ស ៥នាក់ មកពីរាជធានី និងបណ្ដាខេត្តនានា ព្រមទាំងគ្រូ២នាក់ នឹងតំណាងឱ្យប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងកម្មវិធី Robotics Olympiad លំដាប់ពិភពលោកជាលើកដំបូង នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៨ ខែតុលា ឆ្នាំ២០១៩ ដោយនឹងមានបេក្ខជនចូលរួមពី១៩០ប្រទេស ដោយការប្រកួតនេះ ក្នុងផ្ដោតទៅលើការប្រើប្រាស់ រ៉ូបូត ដើម្បីសម្អាតកាកសំណល់នានាក្នុងនៅមហាសមុទ្រ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ ការលើកទឹកចិត្តដល់បេក្ខជន មុនពេលធ្វើដំណើរត្រៀមខ្លួនចូលរួមប្រកួត ពាំនាំនូវកិត្តិយស និងពានរង្វាន់ជូនជាតិកម្ពុជា។ ក្នុងឱកាសនោះ បេក្ខជនទាំងនោះ ក៏បានធ្វើបង្ហាញពីតួនាទី និងសមត្ថភាពរ៉ូបូត ផលវិបាកនៃការបង្កើតរ៉ូបូត ព្រមទាំងបែបបទ និងលក្ខខណ្ឌក្នុងការប្រកួត។ បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងលើកកម្ពស់ការយល់ដឹងអំពីវិស័យបច្ចេកវិទ្យា ក្នុងចំណោមយុវជន លើកទឹកចិត្តយុវជនចូលរួមក្នុងកម្មវិធីប្រកួតលំដាប់ពិភពលោក ដែលនេះក៏ជាផ្នែកមួយ ក្នុងការលើកមុខមាត់ កិត្តិយសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕







ប្រភព៖ ក្រសួងអប់រំយុវជននិងកីឡា