យុវជនម្នាក់ចែករំលែកបទពិសោធន៍សាមញ្ញៗ ដែលជួយឲ្យគាត់ស្រកទម្ងន់ជាង ៤០ គីឡូក្នុងពេល ៧ ខែ
មនុស្សផ្សេងគ្នាទទួលបានលទ្ធផលនៃការសម្រកទម្ងន់ផ្សេងគ្នា ព្រោះតែរាយកាងរបស់ពួកគេអាចនឹងមានលក្ខខណ្ឌសុខភាពខុសពីគ្នា ហើយការលះបង់និងតស៊ូរបស់ពួកគេក្នុងការសម្រកទម្ងន់ក៏ផ្សេងគ្នាដែរ។ ថ្ងៃនេះអង្គភាពខ្មែរណូតសូមលើកយកបទពិសោធន៍ជោគជ័យក្នុងការសម្រកទម្ងន់របស់បុរសម្នាក់ ដែលអាចសម្រកទម្ងន់ពី ១១៦ គីឡូក្រាមនៅសល់ត្រឹម ៧៥ គីឡូក្រាម ពោលគឺស្រកអស់ ៤១ គីឡូក្រាមឬប្រហែល ១/៣ នៃទម្ងន់សរុបរបស់គាត់ ដោយប្រើពេលត្រឹមតែ ៧ ខែប៉ុណ្ណោះ។
បុរសដែលអាចសម្រកទម្ងន់ដោយជោគជ័យក្នុងរយៈពេលខ្លីនេះមានឈ្មោះថា Muhammad Shah bin Dewanan ជាជនជាតិសិង្ហបុរី និងមានអាយុ ២២ ឆ្នាំ។ បើតាមការរៀបរាប់របស់ គាត់ប្រាប់ក្រុមអ្នកសារព័ត៌មានបានឲ្យដឹងថា មុនពេលស្រកទម្ងន់គាត់មានទម្លាប់ញ៉ាំបាយ ២-៣ ចានក្នុងមួយពេល ហើយពេលខ្លះគាត់ញ៉ាំអាហារលើសពី ៣ ដងក្នុងមួយថ្ងៃ ចូលចិត្តញ៉ាំតែសាច់ អាហារមានខ្លាញ់ច្រើន អាហារបំពងប្រេង និងជាពិសេសនោះគឺមានទម្លាប់ញ៉ាំភេសជ្ជៈមានជាតិស្ករខ្ពស់ប្រមានជា ៦-៧ កំប៉ុងក្នុងមួយថ្ងៃ។
យ៉ាងណាក្តីពេលផ្តើមសម្រកទម្ងន់គាត់បានប្តូរទម្លាប់អាហារទាំងអស់នេះចោលទាំងស្រុងជំនួសមកវិញដោយការ ទទួលទានបន្ថែ ផ្លែឈើ ត្រី អាហារគ្មានជាតិប្រូតេអ៊ីនខ្ពស់ ស៊ុត ទឹកដោះគោស្រស់ ញ៉ាំសត្វស្លាបដូចជាសាច់មាន់ជំនួសសាច់ក្រហមដូចជាសាច់ជ្រូក សាច់គោ ញ៉ាំទឹកច្រើនតាមរាងកាយត្រូវការ (លោកអ្នកអាចដឹងបរិមាណទឹកដែលរាងកាយត្រូវការតាមរយៈការយក ទម្ងន់ខ្លួន x ០,០៥។ ឧទាហរណ៍ ទម្ងន់ ៧៥ x ០,០៥ = ៣,៧៥ លីត្រក្នុងមួយថ្ងៃ) កាត់បន្ថយកម្រិតជាតិស្ករ អំបិលក្នុងម្ហូបអាហារ ហើយជាពិសេសនោះគឺគាត់លែងទទួលទានភេសជ្ជៈកំប៉ុងតែម្តងក្នុងរយៈពេល ៧ ខែនេះ។
ចំពោះការហាត់ប្រាណវិញ គាត់បានទៅហាត់ប្រាណបែប Aerobics (ការលើកដៃលើកជើងធ្វើចលនា ឬរាំតាមក្បួនត្រឹមត្រូវ) និង Cardio (ជិះកង់ រត់ ដើរ ហែលទឹក លោតខ្សែអន្ទាក់) ៣ ថ្ងៃក្នុងមួយសប្តាហ៍ បូករួមជាមួយនឹងការទៅហាត់ប្រាណក្នុងក្លឹប (ប្រើឧបករណ៍ហាត់ប្រាណ) ៣ ថ្ងៃក្នុងមួយសប្តាហ៍ ហើយក្នុងមួយសប្តាហ៍គាត់ញ៉ាំអាហារតាមចិត្តស្រេកឃ្លានតែម្តងប៉ុណ្ណោះ ក្រៅពីនេះគឺជាការតមអាហារ ឬញ៉ាំអាហារសុខភាពជាប្រចាំតែម្តង។
ក្នុងអំឡុងពេលហាត់ប្រាណគាត់តែប្រាប់ខ្លួនឯងថា “បន្តខំប្រឹងដើម្បីសម្រេចក្តីស្រមៃរបស់អ្នក បើទោះជាគ្មានអ្នកណាម្នាក់ជឿជាក់លើអ្នកក៏ដោយ”។ ការខំប្រឹងរបស់យុវជនរូបនេះពិតជាមិនអត់ប្រយោជន៍ឡើយដោយគាត់អាចស្រកទម្ងន់បាន ៤១ គីឡូក្រាមក្នុងរយៈ ៧ ខែ ហើយពេលនេះគាត់បានក្លាយជាបុគ្គលម្នាក់ដែលអាចជំរុញទឹកចិត្តមនុស្សធាត់ៗជាច្រើននាក់ផ្សេងទៀតឲ្យខិតខំសម្រេចក្តីស្រមៃសម្រកទម្ងន់ដូចរូបគាត់ដែរ៕
អត្ថបទ៖ ភក្តី
