ថៃធ្វើកម្មវិធីសិក្ខាសាលាឲ្យក្មេងៗចុះសិក្សាពីជីវិតរស់នៅតាមជនបទ ដើម្បីដឹងពីគុណតម្លៃនៃដំណាំកសិផល និងផ្លាស់ប្តូរបទពិសោធន៍
ថៃ៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយក្រុមហ៊ុនចែកចាយរថយន្ត Honda ប្រចាំប្រទេសថៃបានធ្វើកម្មវិធីសិក្ខាសាលាមួយមានឈ្មោះថា Super Idea Contest 2019 ដោយប្រមូលផ្តុំក្មេងៗដែលពូកែឆ្លាតៗ និងមានគំនិតល្អមកចូលរួមដើម្បីដកស្រង់យកបទពិសោធន៍ជាមួយប្រធានបទប្លែកៗពីគ្នា។
ក្នុងកម្មវិធីមួយនេះគេសង្កេតឃើញមានក្មេងៗជាច្រើនបានចូលរួម ដោយប្រធានបទគួរឲ្យចាប់អារម្មណ៍មួយគឺភ្លក់រសជាតិជីវិតជាក្មេងជនបទ។ ដោយប្រធានបទមួយនេះផ្តោតទៅលើស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ក្មេងៗស្រុកស្រែថៃ ដែលគ្មានទូរស័ព្ទ និងឧបករណ៍ទំនើបប្រើប្រាស់។ ក្នុងនោះមានដូចជាការបង្រៀនសិស្សពីជីវិតជនបទ ល្បែងកម្សាន្ត ការដកស្ទូង និងការផ្លាស់ប្តូរបទពិសោធន៍រវាងសិស្សទីក្រុង និងស្រុកស្រែ។
កម្មវិធីសិក្សាសាលា Super Idea Contest 2019 ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់ឪពុកម្តាយដោយពួកគាត់លើកឡើងថាចង់ឲ្យក្មេងៗចេះដកបទពិសោធន៍ និងយល់ពីគុណតម្លៃនៃដំណាំប្រជាកសិករថៃបានខិតខំដាំ៕
អត្ថបទ៖ មេសា






