ឯកឧត្តម គួច ចំរើន ដឹកនាំកម្លាំងដោយផ្ទាល់ ដើម្បីស្វែងរកស្ត្រីជនបរទេស ដែលបានបាត់ខ្លួននៅកោះរ៉ុង
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់បានបន្តតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង។

ចំពោះមុខនេះកំលាំងគ្រប់ផ្នែកកំពុងតាមរក តាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្មនិងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង។ លោក ណុប បញ្ញា ស្នងការរងនគរបាល និយាយថា គេបានឃើញនារីនោះចុងក្រោយនៅបាត់ខ្លួនម៉ោង៣ និង៣០ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅកោះរ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង។
នារីដែលបាត់ខ្លួននេះមានមិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់គ្នានៅពេលមកលេងកម្ពុជានេះ។ នាងមានឱពុកធ្វើការនៅវៀតណាម។ កន្លែងបាត់ខ្លួនជាភូមិដែលមានកម្មករសំណង់ច្រើនរស់នៅរយៈពេលវែង។ លោក ណុប បញ្ញា បន្ថែមថា៖កន្លងមកធ្លាប់មានភ្ញៀវបរទេសក្រោយពីទុកឥវ៉ាន់នៅកន្លែងស្នាក់ហើយគាត់ដើរលេងតាមព្រៃ៤-៥ថ្ងៃក្រោយមកក៏ត្រឡប់មកវិញ៕
ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ




