ប្រើមុខចាយលុយ! ប្រជាពលរដ្ឋចិនជាង១០០លាននាក់ប្តូរមកប្រើបច្ចេកវិទ្យាស្កេនមុខ ដើម្បីចាយវាយវិញ
- BY
- autoadmin
- November 4, 2019
ចិន៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាកាន់តែទំនើបបានជួយសម្រួលការងារប្រជាពលរដ្ឋចិនជាច្រើន ហើយភាពងាយស្រួលមួយទាក់ទងនឹងការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ គឺការទូទាត់ការចំណាយផ្សេងៗដោយគ្រាន់តែប្រើទូរទ័ព្ទដៃប៉ុណ្ណោះ។ អ្វីដែលកាន់តែអស្ចារ្យ និងងាយស្រួលទៀតនោះ ពេលនេះចិនបានបោះជំហ៊ានទៅមុខមួយកម្រិតទៀតហើយ គឺចិនឈានដល់ដំំំណាក់កាលទូទាត់ការចំណាយដោយគ្រាន់តែឲ្យអតិថិជនស្កេនមុខរបស់ពួកគេមួយភ្លែតប៉ុណ្ណោះ។ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាខាងលើនេះប្រជាពលរដ្ឋត្រូវមានលុយនៅក្នុងធនាគារ ហើយពួកគេត្រូវតែទៅចុះឈ្មោះដើម្បីប្រើប្រាស់សេវាស្កេនមុខនេះ ហើយក្រោយពេលចុះឈ្មោះរួចពេលពួកគេចង់ទូទាត់ការចំណាយផ្សេងៗ ពួកគេគ្រាន់តែធ្វើការស្កេនមុខនិងចុចកំណត់ទឹកប្រាក់ ដែលត្រូវចំណាយគឺជាការស្រេច។

រហូតមកទល់នឹងពេលមានប្រជាពលរដ្ឋចិនជាង ១០០ លាននាក់ហើយ ដែលបានទៅចុះឈ្មោះប្រើប្រាស់សេវាកម្មដ៏ទំនើបមួយនេះ ខណៈមានហាងរាប់ពាន់ហាងបានបើកបម្រើប្រព័ន្ធទូទាត់សាច់ប្រាក់តាមរយៈការស្កេនមុខនេះផងដែរ។ បើទោះជាវាបានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក៏ពិតមែន តែក្រុមអ្នកប្រើប្រាស់បណ្តាយសង្គមចិនបានបង្ហាញក្តីកង្វល់ថា បច្ចេកវិទ្យាស្កេនមុខអាចធ្វើឲ្យប៉ះពាល់ដល់ឯកជនភាពរបស់ប្រជាពលរដ្ឋ ព្រោះរាល់ពេលដែលពួកគេទៅណាមកណា ឬធ្វើអ្វីមួយនៅទីសាធារណៈនោះ គេអាចកំណត់អត្តសញ្ញាណរបស់ពួកគេបានយ៉ាងងាយប្រសិនបើតំបន់នោះមានបំពាក់នូវបច្ចេកវិទ្យាស្កេនមុខ៕


អត្ថបទ៖ ភក្តី
- Share This Post:






