សត្វឆ្កែស្មោះត្រង់មួយក្បាលនឹកម្ចាស់ តែងតែរត់មកមាត់ទឹកអង្គុយរង់ចាំមើលផ្លូវម្ចាស់មកទទួលត្រលប់ទៅផ្ទះវិញ ក្រោយធ្លាក់ទឹកវង្វេងផ្ទះអស់ជាង២សប្តាហ៍មកហើយ
ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីសត្វឆ្កែមួយក្បាលអង្គុយរង់ចាំម្ចាស់ខ្លួនមកទទួលត្រលប់ទៅផ្ទះវិញអស់រយៈពេលជាង២សប្តាហ៍មកហើយ នៅតែមិនទាន់ឃើញ។
តាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Tung Ao ដែលសព្វថ្ងៃនាងជាអ្នកមើលថែសត្វឆ្កែរូបនេះបណ្តោះអាសន្នបានរៀបរាប់ឲ្យដឹងថា៖ កាលពីប្រមាណជាង២សប្តាហ៍មុន នាងបានប្រទះឃើញសត្វឆ្កែមួយក្បាលនេះធ្លាក់ទឹក កំពុងហែលរកច្រាំងនាងក៏បានជួយស្រង់វាឡើងមក ហើយមើលថែវាដោយគិតថាក្រែងលជាឆ្កែរបស់អ្នកភូមិ។ តែគ្រប់ពេលដែលវាឮសម្លេងទូកឆ្លងកាត់សត្វឆ្កែមួយក្បាលនេះតែងរត់ទៅអង្គុយសម្លឹងនៅមាត់កំពុងហាក់បីដូចជារង់ចាំនរណាម្នាក់។
អស់រយៈពេលជាច្រើនថ្ងៃហើយ ដែលវាធ្វើបែបនេះមិនទៅណានោះឡើយ ទឹកមុខរបស់វាហាក់សោកសៅជាខ្លាំង។ ខ្ញុំបានឲ្យឈ្មោះវាថា “ឆូក” ប្រែថាសំណាង មុននឹងសម្រេចចិត្តបង្ហោះចូលហ្វេសប៊ុកដើម្បីស្វែងរកម្ចាស់ពិតរបស់វា ព្រោះវាមើលទៅនឹកផ្ទះជាខ្លាំង បើទោះបីជាខ្ញុំផ្តល់កន្លែងស្នាក់នៅ និងមើលថែវាក៏វាមិនព្រមមកនៅជាមួយខ្ញុំនោះដែរ វាតែងតែរត់ទៅដេក ឬអង្គុយនៅមាត់កំពង់គ្រប់ពេលឮសម្លេងទូកឆ្លងកាត់។ យ៉ាងណាមិញខ្ញុំក៏បានធ្វើជាផ្ទាំងរូបភាព និងបិទនៅមាត់កំពុងក្រែងលម្ចាស់វាបានឃើញ នឹងអាចទាក់ទងមកខ្ញុំដើម្បីទទួលវាត្រលប់មកវិញ ដោយទីតាំងយើងគឺនៅតាមដងទន្លេចៅប្រាយ៉ា ខេត្តប៉ាក់ធុមថានី ប្រទេសថៃ៕
អត្ថបទ៖ មេសា





