ស្រ្តីជាម្តាយម្នាក់ខឹងកូនប្រុសមិនចេធ្វើលំហាត់រហូតត្រូវគាំងបេះដូងស្ទើរស្លាប់ខ្លួនឯង
ចិន៖ ស្ត្រីជាម្តាយម្នាក់បានកើតមានបញ្ហាគាំងបេះដូង និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រោះតែខឹងនឹងកូនប្រុស ដែលមិនអាចធ្វើកិច្ចការសាលាបាន។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Wang អាយុ ៣៦ ឆ្នាំ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន។ តាមធម្មតាស្រ្តីជាម្តាយរូបនេះតែងតែជួយធ្វើកិច្ចការសាលារបស់កូនប្រុស ដែលកំពុងរៀននៅថ្នាក់ទី៣ រៀងរាល់យប់។ នៅក្នុងយប់ថ្ងៃកើតហេតុស្រ្តីជាម្តាយរូបនេះបានធ្វើសកម្មភាពជួយធ្វើកិច្ចការសាលាកូនជាធម្មតាតែប្លែកត្រង់ថា កិច្ចការសាលារបស់កូនគាត់គឺជាលំហាត់គណិតវិទ្យាដ៏លំបាកមួយ។
ស្ត្រីជាម្តាយបានព្យាយាមពន្យល់លំហាត់នោះយកចិត្តទុកដាក់ និងប្រើវិធីផ្សេងៗគ្នាជាច្រើនដង តែកូនរបស់គាត់នៅតែមិនអាចដោះស្រាយលំហាត់នោះដោយត្រឹមត្រូវបាន។ ស្ថានភាពនេះបានធ្វើឲ្យស្រ្តីជាម្តាយខឹងយ៉ាងខ្លាំង រហូតគាត់ត្រូវកើតមានបញ្ហាគាំងបេះដូងតែម្តង។ ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយជាសំណាងល្អគាត់ត្រូវបានវេជ្ជបណ្ឌិតជួយ សង្គ្រោះបានទាន់ពេលវេលា៕

