សំណាងក្នុង១ពាន់គ្រោះថ្នាក់! នារីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន តែបែរជាពុំមានរងរបួសអ្វីទាល់តែសោះ
ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ដោយមានករណីនារីម្នាក់ជួបសំណាងក្នុង១ពាន់គ្រោះថ្នាក់ កើតហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានជាប់នឹងដើមឈើហើយ ប៉ុន្តែមិនមានរងរបួសអ្វីទាល់តែសោះ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលមួយនេះ ត្រូវបានចែករំលែកដោយទំព័រផ្លូវការរបស់ពិធីករទូរទស្សន៍ថៃល្បីឈ្មោះលោក Ple Nakorn ដោយបានភ្ជាប់ជាមួយសារថា៖ «ទៅវិញធ្វើបុណ្យឲ្យបានច្រើនៗ ណាបាទ!»។ ក្នុងវីដេអូឃ្លីបមួយនេះគឺបានបង្ហាញឲ្យឃើញថានារីវ័យក្មេងម្នាក់បានបើករថយន្តលុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ទៅប៉ះនឹងដើមឈើ ធ្វើឲ្យខូចខាតឡានជាដំណំ។
ជាសំណាងល្អតារាប្រុសនឹងអ្នកដំណើរបានឃើញទាន់ពេលវេលា ក៏ធ្វើរាយការណ៍ដល់ក្រុមសង្គ្រោះដើម្បីចូលមកជួយសង្គ្រោះដោយវាយបំបែកកញ្ចក់ខាងមុខ។ បើតាមការពិនិត្យបានឲ្យដឹងថានាងមានសំណាងខ្លាំងណាស់ ព្រោះតែរថយន្តបានប៉ះត្រឹមតែក្បាំងខាងមុខម៉ាស៊ីន មិនប៉ះដល់កន្លែងអង្គុយ ហើយនារីរូបនោះក៏មិនមានត្រូវរបួស ដោយគ្រាន់តែមានអការៈភិតភ័យ និងទន់ដៃទន់ជើងបន្តិច។ យោងតាមការសាកសួរ និងដេញដោលជាច្រើនដងទើបនាងបានសារភាពថានាងងងុយគេង ខណៈពេលកំពុងបើកបរ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ យ៉ាងណាមិញសូមផ្តាំបងប្អូនទាំងអស់គ្នាឲ្យបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ជាពិសេសគឺសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះតែវាមានគ្រោះថ្នាក់ខ្លាំងណាស់៕
អត្ថបទ៖ មេសា




