បច្ចេកវិទ្យា

Motorola Razr ត្រឡប់មកវិញហើយ! ដោយប្រែខ្លួនជាស្មាតហ្វូនបត់តម្លៃប្រហែល 1,500ដុល្លារអាមេរិក

BY
autoadmin
November 15, 2019

នរណាមិនល្បី? ជំនាន់មុនបើយើងមាន Razr កាន់ គឺដូចជាមាន iPhone 11 ជាប់ខ្លួនអីចឹង! ហើយពេលនេះ Motorola កំពុងនាំយកម៉ូដែលដ៏ល្បី ដែលមានដាក់លក់ដំបូងតាំងពីដើមទសវត្សឆ្នាំ2000 មួយនេះត្រឡប់មកវិញ។ វាបានបង្ហាញខ្លួនរួចហើយនៅឯសហរដ្ឋអាមេរិក ដោយស្មាហ្វូន Motorola Razr បានប្រែខ្លួនពីប្រភេទ Flip ទៅជា Foldable (បត់អេក្រង់បាន) ជាមួយនឹងអេក្រង់ទំហំ 6.2អ៊ីញ កាច់បត់ពាក់កណ្ដាលដូចម៉ូដែលចាស់ដែរ ប៉ុន្តែស៊េរីថ្មីនេះមិនប្រើប៊ូតុងគ្រាប់ចុចនោះទេ។

ទូរស័ព្ទ Motorola Razr ម៉ូដែលចាស់ មានអេក្រង់នៅម្ខាង និងប៊ូតុងគ្រាប់ចុចនៅផ្នែកម្ខាងទៀត ដោយមានត្រចៀកអមនៅចំកណ្តាល ដែលអាចឱ្យឧបករណ៍ចល័តនេះអាចបត់ចូលគ្នាដាក់ចូលក្នុងហោប៉ៅរបស់ម្ចាស់វាបាន។ ចំណែក Motorola Razr ជំនាន់ថ្មី បានធ្វើឱ្យមានភាពទាន់សម័យជាងមុន ដោយជំនួសក្តារចុចទៅជាអេក្រងពេញតែម្ដង។ បូករួមជាមួយការអាប់ឌែតប្រព័ន្ធប្រតិបត្ដិការទៅជាទូរស័ព្ទសម័យទំនើប វាធ្វើឱ្យ Motorola Razr កាន់តែទទួលបានការចាប់អារម្មណ៍។

ការរចនាជា Foldable គឺថ្មីបំផុតសម្រាប់ Motorola ថ្វីបើវាដើរក្រោយ Samsung Galaxy Fold ក៏ដោយ។ Motorola Razr ក៏មានកូនអេក្រង់ទំហំ 2.7អ៊ីញ ពីលើមួយទៀត ដើម្បីឱ្យអ្នកប្រើស្រួលមើលការជូនដំណឹង notification បានយ៉ាងងាយស្រួល។ តម្លៃរបស់វានៅមិនទាន់ឯកភាពគ្នានៅឡើយតាមទីផ្សារប្រទេសនីមួយៗ ប៉ុន្តែនៅអាមេរិកគឺមានតម្លៃ 1,500ដុល្លារ ហើយមានលក់ចាប់ពីខែធ្នូ ចុងឆ្នាំ2019នេះ៕

អត្ថបទ៖ លីដា

Share This Post: