ស្ថានីយទូរទស្សន៍ បាយ័ន រំពឹងថាកម្មវិធីប្រឡងចម្រៀងថ្មី The Melody របស់ខ្លួនទទួលការគាំទ្រច្រើន ជាមួយការចូលរួមពីសំណាក់ ពិទូ អេដា និង ពិសិដ្ឋ
កាលពីថ្ងៃអង្គារ ទី៣ ខែមេសា កន្លងទៅនេះ ស្ថានីយទូទស្សន៍ បាយ័ន បានរៀបចំសន្និសីទសារព័ត៌មានស្តីពីកម្មវិធីថ្មីរបស់ខ្លួន The Melody ដែលមានការចូលរួមពីសំណាក់តារាចម្រៀង Original Song លោក ហេង ពិទូ កញ្ញា អេដា និងលោក សួន ពិសិដ្ឋ ដែលជាគណៈកម្មការផងដែរ។

កម្មវិធី The Melody នេះជាកម្មវិធីប្រឡងចម្រៀងមួយប្លែក ថ្មីស្រឡាងខុសពីការប្រឡងចម្រៀងផ្សេងៗ ព្រោះបេក្ខជនដែលចូលរួមអាចមានឱកាសមានចម្រៀងផ្ទាល់ខ្លួនក្នុងពេលប្រកួតប្រជែងតែម្តង មួយវិញទៀតការលើកយកបទចម្រៀងមកប្រកួតប្រជែងគឺអនុញ្ញាត តែបទចម្រៀងដែលជាស្នាដៃកូនខ្មែរតែម្តង។

ហើយមួយវិញទៀតកម្មវិធីមួយនេះគឺអាចជួយជំរុញអោយបេក្ខជនអាចមានសមត្ថភាពក្នុងការតែងនិពន្ធចម្រៀងផ្ទាល់ខ្លួនបានទៀតផង ប៉ុន្តែក្នុងករណីបេក្ខជនមិនមានសមត្ថភាពអាចនិពន្ធបទភ្លេងដោយខ្លួនឯងបាន គណៈកម្មការក្នុងកម្មវិធីក៏បានរៀបចំក្រុម Composer ចំនួន៦រូបរួចជាស្រេចដើម្បីជួយជ្រុំជ្រែងនិងបង្ហាត់បង្រៀនបេក្ខជនទៀតផង។


គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងថ្មី The Melody របស់ស្ថានីយទូរទស្សន៍បាយ័ននេះគឺធ្វើឡើងដើម្បីលើកកម្ពស់ដល់បទចម្រៀងដែលជាស្នាដៃកូនខ្មែរ ក៏ដូចជាផ្តល់តម្លៃដល់ការតែងនិពន្ធ ហើយបេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់សរុប ១០០លានរៀលថែមទៀតផង។ កម្មវិធីនេះនឹងធ្វើចាក់ផ្សាយជាផ្លូវការលើ ស្ថានីយទូរទស្សន៍បាយ័ន ចាប់ពីថ្ងៃទី២១ ខែមេសានេះតទៅហើយ៕

