ព្រះមហាក្សត្រថៃ បានថ្វាយព្រះរាជសាររំលែកទុក្ខ ថ្វាយ ព្រះមហាក្សត្រកម្ពុជា ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខចំពោះការយាងសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានថ្វាយព្រះរាជសាររំលែកទុក្ខ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះទេព មហាចក្រី សុីរិនថន បានថ្វាយកម្រងផ្កាថ្វាយព្រះសព តាមរយៈ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមរំលឹកថាសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយទិវង្គត ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ហើយក៏បានប្រកាសអោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ គឺនៅកម្ពុជាទាំងមូលត្រូវទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខក្នុងរយៈពេល ១ថ្ងៃ៕ ប្រភព៖ Royal du Cambodge









