ឥណ្ឌាសារភាពថា យានចុះចត Vikram ត្រូវបានបំផ្លាញ ៥០០ម៉ែត្រ ពីទីតាំងចុះចត ក្រោយបាត់តម្រុយរយៈពេល ២ខែ កន្លងមក
- BY
- autoadmin
- November 28, 2019
កាលពីខែកញ្ញា អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាត់បង់ការទាក់ទងជាមួយយានចុះចត វីករ៉ាម (Vikram) របស់ខ្លួន ខណៈដែលវាកំពុងតែចង់បង្កើតប្រវត្តិសាស្ត្រថ្មីឱ្យឥណ្ឌាក្នុងការធ្វើជាប្រជាជាតិទី៤ ដែលបានបង្ហោះយានឱ្យចុះចតលើឋានព្រះច័ន្ទ។ ក្រោយមកមានមនុស្សជាច្រើនបានសង្ស័យថា យានគឺត្រូវបានបំផ្លាញ មិនមែនត្រឹមតែដាច់ការទាក់ទងនោះទេ។ យ៉ាងណាមិញនៅក្នុងរបាយការណ៍ជូនសមាជិកសភាឥណ្ឌា អង្គការ ISRO បានបញ្ជាក់ថា វីករ៉ាម ពិតជាត្រូវបានបំផ្លាញមុនពេលចុះចតជិតដល់ផ្ទៃឋានព្រះច័ន្ទពិតមែន ហើយនេះជាដំណឹងមួយដូចដែលការស្មានទុក។

យោងតាមរបាយការណ៍បានឱ្យដឹងថា ហ្វ្រាំងរបស់ Vikram ដំណើរការមិនត្រឹមត្រូវដោយគ្មានមូលហេតុ ហើយវាបានធ្លាក់ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីទីតាំងដែលគ្រោងនឹងចុះចត។ យ៉ាងណាក៏ដោយយានអវកាសនោះមិនខូចខាតទាំងអស់នោះទេ រាល់ឧបករណ៍វិទ្យាសាស្ត្រទាំង៨ នៅតែដំណើរការ និងកំពុងផ្តល់ទិន្នន័យវិទ្យាសាស្ត្រដ៏មានតម្លៃត្រឡប់មកវិញ។ អង្គការ ISRO បានសោកស្ដាយយ៉ាងខ្លាំង ព្រោះថាពួកគេស្ទើរតែសម្រេចកិច្ចការធំនេះបានទៅហើយ ប៉ុន្តែទីបំផុតវានៅតែបរាជ័យ ហើយការចុះចតនៅលើឋានព្រះច័ន្ទនៅតែមិនមែនជារឿងងាយស្រួល។
រំលឹកដែរថា យានចុះចត Vikram របស់យានអវកាស Chandrayaan-2 បានបាត់ការទាក់ទងពីស្ថានីយ ហើយមិនថា ISRO និង NASA បានតាមស្វែងរកយ៉ាងណាក៏មិនឃើញតម្រុយនោះឡើយ។ រហូតដល់ ២ខែក្រោយមកនៃការបាត់ទំនាក់ទំនង អង្គការស្រាវជ្រាវអវកាសឥណ្ឌាទទួលស្គាល់ថា វាត្រូវបានបំផ្លាញ និងបាត់ទៅជារៀងរហូត៕

”

អត្ថបទ៖ លីដា
- Share This Post:






