រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចង់អោយក្រុមហ៊ុន Grab បង្កើតតាក់ស៊ីលើផ្លូវទឹក គឺ Grab Boat ដូចនៅក្រៅប្រទេស
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM) នាថ្ងៃទី ០៥ ខែធ្នូ ២០១៩ នៅសណ្ឋាគារ រ៉ាហ្វែល ឡឺរ៉ូយ៉ាល់ ដោយលើកឡើងអំពីការដឹកជញ្ជូនតាមផ្លូវទឹក ក៏ដូចជាផ្លូវគោក ហើយបច្ចុប្បន្ន រដ្ឋាភិបាល មានវិស័យដឹកជញ្ជូន ដូចជារថយន្តក្រុងសាធារណៈ និង កាប៉ាល់ដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដូចគ្នា។

ហើយក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានជួបជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដោយអោយក្រុមហ៊ុនគួរសិក្សាអោយមាន Grab Boat ដឹកជញ្ជូនលើផ្លូវទឹក ដោយសង្កត់ធ្ងន់ថា នឹងអោយវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាល ក្នុងការដឹកជញ្ជូនពលរដ្ឋយើង អោយបានងាយស្រួល ដោយសារតែវិស័យឯកជនលោកមានបទពិសោធន៍ មានធនធាន និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល៕

