សត្វភេ២ក្បាលដែលគេប្រទះឃើញនោះ ត្រូវបានដឹកមកពីភ្នំតាម៉ៅ ដោះលែងឲ្យរស់នៅតាមបែបធម្មជាតិក្នុងព្រៃអង្គរធំ
មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសត្វភេ២ក្បាលនៅខ្លោងទ្វាទន្លេអ៊ុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើត (ខាងអសុរៈ) នៃរាជធានីអង្គរធំ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងនោះផងដែរក៏មានការបកស្រាយចម្ងល់ថាតើសត្វភេទាំងនោះមានប្រភពចេញមកពីកន្លែងណា យោងតាមប្រភពពីហ្វេសប៊ុកផេក អ្នកថែអង្គរ – Angkor Guardians បានឲ្យដឹងថា សត្វភេទាំងនោះត្រូវបានដឹកចេញពីសួនសត្វភ្នំតាម៉ៅ ត្រូវបានគេដោះលែងឲ្យរស់នៅតំបន់អង្គរតាមបែបធម្មជាតិ។

ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ស្រាយចម្ងល់រឿងសត្វភេ ចំនួន០២ ដែលគេប្រទះឃេីញនៅបរិវេណអង្គរធំ (មានរូបភាពខាងក្រោម) កន្លងមកអាជ្ញាធរជាតិអប្សរា បានសហការជាមួយ Wildlife Alliance និងរដ្ឋបាលព្រៃឈើ បាននាំយកសត្វព្រៃមួយចំនួនមកផ្សាំង ហេីយដោះលែងនៅក្នុងតំបន់អង្គរជាបន្តបន្ទាប់។ មកដល់បច្ចុប្បន្ន មានសត្វទោចម្កុជ ១០ក្បាល ឈ្លូស ០៤ក្បាល សំពោច ០៤ក្បាល ស្វាព្រាម ១២ក្បាល និងសត្វមួយចំនួនទៀតត្រូវបានដោះលែង។ ដោយឡែក សត្វភេប្រភេទ Smooth-Coated Otter ចំនួន ០៥ ក្បាល (ឈ្មោល០១ ញី០៤) ដែលទេីបប្រទះឃេីញ០២ក្បាល ត្រូវបានដឹកពីភ្នំតាម៉ៅ មកផ្សាំងនៅក្នុងទ្រុងបរិវេណអង្គរធំ តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ មកម្ល៉េះ។ ទេីបតែកាលពីខែវិច្ឆិកា ត្រូវបានដោះលែងឱ្យរស់នៅតាមបែបធម្មជាតិក្នុងព្រៃអង្គរធំដែលជាកន្លែងសុវត្ថិភាព ! សូមស្រលាញ់អង្គរ ស្រលាញ់ព្រៃឈើ ស្រលាញ់សត្វព្រៃ ដូចស្រលាញ់ជីវិតខ្លួនយើងផងដែរ”៕



ប្រភព៖ អ្នកថែអង្គរ – Angkor Guardians