ចូលរួមរំលែកទុក្ខ! តួប្រុសសម្តែងក្នុងបទ “ប្រុសម្នាក់នេះសំខាន់នៅពេលណា” បានលាចាកលោកហើយ ដោយសារតែ…
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរឲ្យស្លុតចិត្តដោយមានជនរងគ្រោះមួយរូបបានជិះម៉ូតូរអិលដួលចូលក្រោមត្រូវរថយន្តដឹកដី បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយបេតុង ក្បែរនឹងអង្គភាពចុះបញ្ជីរថយន្តស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ ជនរងគ្រោះមានឈ្មោះ ឃៀង ចំរើន ត្រូវបានមហាជនស្គាល់ថាជាតួសម្តែងនៅក្នុងវីដេអូចម្រៀងបទ “ប្រុសម្នាក់នេះសខាន់នៅពេលណា”។

បន្ទាប់ពីទទួលដំណឹងនេះក្រុម Mustache Band ក៏បានបង្ហោះសាររំលែកទុក្ខយ៉ាងដូច្នេះថា៖ “ពួកយើងពិតជាស្លុតចិត្តខ្លាំងណាស់ដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងប្រុសជាមនុស្សស្លូតបងជាមនុស្សល្អហេតុអីបងត្រូវជួបរឿងបែបនេះធ្វើការជាមួយបងធ្វើឱ្យដក់ជាប់រាប់អានដូចបងប្អូនបង្កើត។ អរគុណបងប្រុសដែលមកជួយជាចំណែកធំការងារដំបូងរបស់ពួកយើង វានឹងនៅជាប់ជាមួយពួកយើងជារៀងរហូតណាបង ស្រលាញ់គោរពបងជារៀងរហូត បងគេងឱ្យបានស្កបស្កល់ណាបងប្រុស ទទួលយកមិនបានពិតមែនបង”។
សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះដំបូងឡើយ ជនរងគ្រោះជិះម៉ូតូ តាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងល្បឿនលឿនល្មម ខណៈដល់ចំណុចកើតហេតុ ស្រាប់តែរអិលជាមួយនឹងប្រេងម៉ាស៊ីនដែលប្រឡាក់លើថ្នល់ ក៏បណ្តាលជនរងគ្រោះនោះខ្ទាតចូលក្រោមរថយន្តដឹកដីដែលធ្វើដំណើរស្របទិសគ្នា ធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


