រថយន្ត

ចាប់ពីឆ្នាំ២០២១តទៅ ប្រទេសជប៉ុនតម្រូវឱ្យគ្រប់រថយន្តថ្មីទាំងអស់​ ត្រូវបំពាក់ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ

BY
autoadmin
December 17, 2019

ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានប្រកាសថា រថយន្តថ្មីៗទាំងអស់នឹងតម្រូវឱ្យបំពាក់ហ្វ្រាំងស្វ័យប្រវត្តិ ដោយគិតចាប់ផ្តើមពី ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ ក្រសួងនិយាយថា ប្រទេសជប៉ុននឹងក្លាយជាប្រទេសឈានមុខគេក្នុងពិភពលោក ក្នុងការអនុម័តប្រព័ន្ធសុវត្ថិភាពរថយន្តនេះ។ តម្រូវការថ្មីនឹងបំពេញតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរវ័យចំណាស់ៗ។ តម្រូវការជំហានដំបូងនឹងមានឥទ្ធិពលលើរថយន្តដឹកអ្នកដំណើរខ្នាតតូច រថយន្តខ្នាតតូច និងរថយន្តដឹកទំនិញខ្នាតតូច ដែលនឹងចេញលក់នៅទីផ្សារឆ្នាំ២០២១។ សម្រាប់រថយន្តដែលនាំចូលថ្មី នឹងត្រូវគិតចាប់ពីខែមិថុនា ឆ្នាំ២០២៤ និងយានយន្តផលិតក្នុងស្រុកផ្សេងទៀត ចាប់ពីខែធ្នូ ឆ្នាំ២០២៥។

ក្រសួងបាននិយាយថា ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិត្រូវតែអាចទប់ស្កាត់មិនឱ្យរថយន្តដែលកំពុងធ្វើដំណើរក្នុងល្បឿន ៣០គីឡូម៉ែត្រ/ម៉ោង ពីការប៉ះទង្គិចដល់អ្នកថ្មើរជើងដែលកំពុងដើរឆ្លងផ្លូវក្នុងល្បឿន ៥គីឡូម៉ែត្រ/ម៉ោង, អាចចាប់ហ្វ្រាំងជាប់បាននៅពេលរថយន្តធ្វើដំណើរក្នុងល្បឿន ៤០គីឡូម៉ែត្រ/ម៉ោង ហើយចៀសវាងការប៉ះពីក្រោយ និងបន្ថយល្បឿននៅពេលធ្វើដំណើរក្នុងល្បឿន ៦០គីឡូម៉ែត្រ/ម៉ោង ដើម្បីចៀសវាងការប៉ះទង្គិចរថយន្តនៅខាងមុខ ដែលកំពុងធ្វើដំណើរក្នុងល្បឿន ២០គីឡូម៉ែត្រ/ម៉ោង។ មួយវិញទៀតប្រព័ន្ធហ្វ្រាំងនេះត្រូវតែធ្វើការឱ្យបានមុន ៤វិនាទី មុនពេលផលប៉ះពាល់នឹងកើតឡើង៕

អត្ថបទ៖ លីដា

Share This Post: