នាយចឺមត្រូវបុរសម្នាក់វាយបែកក្បាល ក្រោយចោទប្រកាន់នាយចឺមថា ឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន
ខេត្តប៉ៃលិន៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើល ដោយបុរសម្នាក់បានប្រើហិង្សាវាយដំមកលើនាយចឺម តារាចម្រៀង បណ្តាលឲ្យរងរបួសបែកក្បាល និងរបួសដៃ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ចំណែកឯជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល១តឹកមកវាយលើជនរងគ្រោះ បណ្តាលអោយរងរបួសបែកក្បាល និងរបួសកំភួនដៃទាំងសងខាង ព្រមទាំងបែកទូរស័ព្ទទៀតផង។ មូលហេតុនេះកើតឡើង ដោយសារតែជនសង្ស័យប្រច័ណ្ឌចោទប្រកាន់នាយចឺមថា បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕



