ស្ត្រីរងគ្រោះ ដែលត្រូវអធិការរងក្រុងបាវិតបាញ់ប្រហារ ដោយសារយកម្ហូបមកយឺតពេលនោះ ឥលូវនេះបានស្លាប់បាត់ហើយនៅមន្ទីរពេទ្យ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានលោក កែវ ចិត្រា អាយុជិត៣០ឆ្នាំ ជាអធិការរងក្រុងបាវិត (ជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់) បាញ់ប្រហារកាលពីយប់ម្សិលមិញនោះ ឥលូវនេះបានស្លាប់បាត់បង់ជីវិតហើយនៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាម ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក។ ចំណែកអធិការរងជាឃាតករ នឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាញ់ប្រហារមួយបានកើតឡើង ដោយជនដៃដល់ជាអធិការរងក្រុងបាវិត បានដកកាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ទៅលើមេឃ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីរងគ្រោះជាថៅកែហាងតែម្តង។ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា មូលហេតុដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺដោយសារតែជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក៕




