ថ្លើមធំមែន! Hack គណនីហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកែប ហើយដើរបោកលុយគេតាម Wing បានរាប់ពាន់ដុល្លារទៀត
ខេត្តកែប ៖ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប លោកវរសេនីយ៍ទោ កើត សាវុធ នាយការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវបង្ក្រាបលើករណី Hack account facebook របស់លោកស្នងការនគរបាលខេត្តកែប និងអាខោនរបស់ប្រជាពលរដ្ឋចំនួន២ផ្សេងទៀត យកទៅធ្វើសកម្មភាពឆបោកតាមប្រព័ន្ធវេលុយ(wing) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប អស់ទឹកប្រាក់ចំនួន៩៥០០ដុល្លារ និងប្រាក់រៀល៤លានរៀល ដោយចាប់ជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង ។ ក្រោយពេលចាប់ខ្លួន កម្លាំងបាននាំជនសង្ស័យទាំង២នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ។

ជនសង្ស័យខាងលើរួមមានឈ្មោះ សេង តារ៉ា ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងឈ្មោះ ឈុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងយន្ត រស់នៅភូមិចំការសំរោង ស្រុកចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងកំពុងបន្តស្រាវជ្រាវចាប់បក្សពួកដែលនៅសេសសល់។
បច្ចុប្បន្ន នគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះករណីឆបោកខាងលើ និងជួយសហការរាយការណ៍ជូនសមត្ថិច្ចរាល់អំពើល្មើសច្បាប់ផ្សេងៗ សូមអរគុណ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


