ជិះម៉ូតូសុខៗមកស្រែកថា ចោរៗអញ្ចឹង នរណាមិនភ័យលោក
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចសួនច្បារតាខ្មៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការភ្ញាក់ផ្អើលមួយទាក់ទងនឹងករណីយកម៉ូតូច្រឡំ។ ជនរងគ្រោះ ០១ នាក់មានឈ្មោះ តាំង សុខន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ចំណែកឯជនសង្ស័យ ០១ នាក់មានឈ្មោះ អេង សំបូរ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ស្រុកកំណើតភូមិកូនខ្លា ឃុំកំពង់ស្វាយ ស្រុកសិរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ ស្នាក់នៅការដ្ឋានសំណង់ឈ្មោះតេងសារ៉ែន ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ ១ គ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរី ២០១២ ផ្លាកលេខ ភ្នំពេញ 1FA-8691 ម៉ូតូនេះខូចសោរចាក់សោរអ្វីក៏ត្រូវដែរ (របស់ជនរងគ្រោះ) និងម៉ូតូ ១ គ្រឿងម៉ាក Honda scoopy ពណ៌ស សេរី ២០១៥ ផ្លាកលេខភ្នំពេញ 1CM-5917 (របស់ជនសង្ស័យ) ព្រមទាំងកូនសោរម៉ូតូ១ពណ៌ខ្មៅ ម៉ាក Honda (របស់ជនសង្ស័យ) ។
មុនពេលកើតហេតុ តាមការបំភ្លឺរបស់ឈ្មោះ តេង សុភា ភេទស្រី អាយុ ៣៧ ឆ្នាំ និង ឈ្មោះ តេង សារ៉ែន ភេទ ស្រី អាយុ ៤០ ឆ្នាំ មានផ្ទះនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរលក់គ្រឿងសំណង់ បានបំភ្លឺប្រាប់សមត្ថកិច្ចថា៖ ជនសង្ស័យបានមកធ្វើជាងសំណង់ធ្វើផ្ទះអោយគាត់នៅខាងក្រោយពន្ធនាគារខេត្តកណ្តាល អស់រយៈពេលកន្លះខែមកហើយមិនដែលបង្កបញ្ហាដល់គាត់ និងអ្នកជិតខាងឡើយ ជាមនុស្សស្លូតបូត ហើយគាត់បានអោយម៉ូតូ ១ គ្រឿងម៉ាក Honda scoopy ពណ៌ស សេរី ២០១៥ ផ្លាកលេខភ្នំពេញ 1CM-5917 ជិះជារឿងរាល់ថ្ងៃ ។
លុះមកដល់ពេលកើតហេតុខាងលើ ឈ្មោះ អេង សំបូ បានផឹកស្រាថ្នាំតែម្នាក់ឯងបណ្តាលអោយស្រវឹង ហើយសុំគាត់ដោយជិះម៉ូតូគាត់ទៅដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ១ថ្ងៃ ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាក scoopy ពណ៌ ស សេរី ២០១៥ ទៅចូលផឹកស៊ីនៅតូបលក់បុកល្ហុងរបស់ជនរងគ្រោះឈ្មោះ តាំង សុខន ដោយចតម៉ូតូទុកក្បែរម៉ូតូ scoopy ពណ៌ ស សេរី ២០១២ របស់ជនរងគ្រោះ។ លុះផឹកអស់ស្រាបៀ ៣ កំប៉ុង ក៏ឈប់ផឹកហើយចេញមកវិញដកកូនសោរចាក់ម៉ូតូរបស់ជនរងគ្រោះជិះយឺតៗមកឈប់ជាប់នៅស្តុបគល់ស្ពានជប៉ុនមាត់ស្ទឹងតាខ្មៅ ក៏ស្រាប់ជនរងគ្រោះមកទាន់ស្រែកថាចោរៗផ្អើលអស់ជាពលរដ្ឋនាំគ្នាចាប់ខ្លួន តែពេលនោះជនសង្ស័យបានស្រែកថា មិនមែនខ្ញុំលួចរបស់គេទេ ម៉ូតូនេះខ្ញុំខ្ចីម្ចាស់ផ្ទះដែលខ្ញុំធ្វើសំណង់អោយគាត់ទេ។
ដោយបាត់យូរពេក ម្ចាស់ផ្ទះដែលអោយបានអោយជនសង្ស័យខ្ចីម៉ូតូបានតាមរកឃើញម៉ូតូគាត់នៅចតទុកមុខតូបលក់ដូរ របស់ជនរងគ្រោះឈ្មោះ តាំង សុខន ដែលបានប្តឹងសមត្ថកិច្ចថា ឈ្មោះ អេង សំបូ លួចម៉ូតូគាត់ចេញទៅ ហើយបានរាយការណ៍អោយសមត្ថកិច្ចចុះទៅដកហូតយកម៉ូតូដែលនៅសល់មកទុកនៅអធិការដ្ឋានតែម្តង ។ តាមការស្រាវជ្រាវយើងសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ អេង សំបូរ ពិតជាច្រឡំជិះម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ ចុងក្រោយភាគគីទាំង២បានសុំដូរម៉ូតូគ្នាវិញដោយមិនប្តឹងប្តល់អីទាំងអស់៕

