សោកស្តាយណាស់! ប្រទះឃើញកូនផ្សោតអាយុទើប១១ថ្ងៃ អណ្តែតស្លាប់លើទឹកក្នុងខេត្តក្រចេះ
យោងតាមការបញ្ជាក់ពីអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បានឲ្យដឹងថា កូនផ្សោតមានអាយុទើបតែ ១១ ថ្ងៃ ប៉ុណ្ណោះ ត្រូវបានប្រទះឃើញស្លាប់ អណ្តែតលើទឹកចម្ងាយប្រមាណជា ៧ គ.ម ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។ ក្រុមការងារស្រាវជ្រាវអង្គការ WWF កំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរកមូលហេតុជាក់លាក់នៃការស្លាប់របស់កូនផ្សោតនេះ ការស្លាប់ដោយការជាប់នឹងមងនេសាទត្រូវបានគេដឹងថា ជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។

អង្គការ WWF បានអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានតឹងរឹងបន្ថែមទៀត និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ។ អង្គការ WWF បានស្នើរយ៉ាងទទូចដល់ក្រុមការងារទាំងអស់ដែលរួមមានឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផលខេត្ត រដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធនានា បន្តរួមសហការគ្នាក្នុងការតាមដាន និងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទទាំងអស់តាមដងទន្លេមេគង្គឱ្យបានតឹងរឹង ជាពិសេសគឺបង្ក្រាបរាល់ការប្រើប្រាស់មងនេសាទនៅក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ៕
ប្រភព៖ អង្គការ WWF