លោកនាយកសាលាវត្តបូព៌ សួរថា ៖ ” ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? “
- December 30, 2019
យោងតាមអត្ថបទរបស់លោកអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរពីភាពអស្ចារ្យរបស់សាលាបឋមសិក្សាវត្តបូព៌ ដោយក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺលោកនាយកសាលាបានសួរគាត់ថា ” ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? “។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ពេញដោយថាមពល និងរិះរកគ្រប់វិធីដើម្បីអភិវឌ្ឍន៍ស្រុកបន្ទាយស្រី លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖
“អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា!ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរហើយ ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។ មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន បានប្រាប់ខ្ញុំថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។ មិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ(តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦) និងភាពជាអ្នកដឹកនាំប្រកបដោយភាពច្នៃប្រឌិតនិងម៉ត់ចត់ខ្ពស់បំផុតរបស់លោកគ្រូនាយក ស័ក្តិសមជាសាលាគំរូប្រចាំប្រទេសកម្ពុជា។

លោកគ្រូបានសួរខ្ញុំថា ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? ខ្ញុំគិតថា ចម្លើយគឺស្ថិតនៅលើភាពឆ្នៃប្រឌិត សមត្ថភាពគៀងគរធនធានបន្ថែមពីខាងក្រៅ និងការជំរុញអោយមានការចូលរួម ដើម្បីសម្រេចចក្ខុវិស័យរបស់លោកនាយក។ ខ្ញុំពិតជាអរគុណលោកគ្រូចំពោះសំនួរនេះ ព្រោះវាជាសំនួរដែលបានបើកចំហការគិតរបស់ខ្ញុំ ផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើទំហំមានកំណត់នៃថវិកាអភិវឌ្ឍន៍របស់ស្រុក និងរំលឹកពីតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំស្ថាប័នមួយរូប ដែលទាមទារអោយមានភាពឆ្នៃប្រឌិត និងចេះគៀងគរការចូលរួម ដោយមិនពឹងផ្អែកតែទៅលើថវិកាដែលមាននៅក្នុងដៃ តែមួយមុខនោះទេ៕ អត្ថបទនិងរូបថត៖ លោក ឃឹម ហ្វីណង់ – Khim Finan







- Share This Post:






