សាហាវណាស់! ប្តីកាប់ប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ ដោយសារតែចម្រៀងមួយបទ
ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា បុរសម្នាក់បានកាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែចម្រៀងមួយបទ។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកេីតឡេីងកាលពីយប់ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង ៣:៣០នាទី ទាបភ្លឺនារាត្រីឆ្លងឆ្នាំ នៅចំណុចខារ៉ាអូខេ សពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនបង្កមានឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតប័ុងតោកាប់ប្រពន្ធឈ្មោះ ថូ សុខណា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកខារ៉ាអូខេ បណ្តាលឲ្យរងរបួសធ្ងន់ និងកូនឈ្មោះ ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្ស រងរបួសធ្ងន់ ត្រូវបានសង្គ្រោះមកព្យាបាល នៅមន្ទីរពេទ្យខេត្ត ចំណែកឯជនបង្កវិញបានជិះម៉ូតូរត់គេចខ្លួន ក្រោយធ្វេីសកម្មភាពរួច តែជាអកុសល ក៏ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង ឃាត់ខ្លួននៅ ចំណុចផ្លូវលេខ ៤៨ ប៉ុស្តិ៍តាតៃក្រោម ។
តាមការសួរចម្លើយ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេ ដោយសារតែម្តាយទើបតែស្លាប់ នាំឲ្យពិបាកចិត្តហេីយយំ តែប្រពន្ធនៅតែចាក់ ទេីបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រេីអំពើហិង្សា។ បច្ចុប្បន្ន ជនបង្កបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដេីម្បីបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕





