សម្តេចតេជោ សម្រេចមិនដកដំណែងអភិបាលខេត្តកែប និងមន្ត្រីណាទេ ព្រោះសម្តេចគិតថាវាជាឧប្បទ្ទវហេតុ, សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឲ្យអោយដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ
មុននេះបន្តិចសម្តេចតេជោ បានបង្ហោះឲ្យដឹងនៅក្នុងហ្វេសបុកផេករបស់សម្តេចថា៖ នៅក្នុងប្រតិបត្តិការសង្រ្គោះបន្ទាន់នេះ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្រេចមិនដកដំណែងអភិបាលខេត្តកែបទេ ព្រោះសម្តេចគិតថានេះមិនមែនជាកំហុសរបស់អភិបាលខេត្តនោះដែរ វាជាឧប្បទ្ទវហេតុ។ សម្ដេចតេជោ បានទាញលើកឧទាហរណ៍នៃការបាក់រលំអាគារដែលបានកើតមានឡើងនៅតាមបណ្ដាលប្រទេសផ្សេងៗ ក៏គេមិនមានការដកតំណែងអភិបាលក្រុង ឬអភិបាលខេត្តនោះដែរ នេះគឺជារឿងឧប្បទ្ទវហេតុសម្រាប់ប្រទេសមួយៗ។ ផ្ទុយទៅវិញ សម្តេចតេជោនាយករដ្ធមន្រ្តី បានស្ដីបន្ទោសដល់មន្ត្រីបក្សនយោបាយ និងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមបញ្ចេញយោបល់ក្នុងការជំរុញឲ្យអោយដោះដូរអភិបាលខេត្ត ឬក៏ដោះដូរមន្ត្រីនេះ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមានថា សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំងនោះនាពេលបន្ទាប់នេះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ គឺការជួយសង្រ្គោះជីវិតមនុស្ស កុំគិតទៅតែលើរឿងស្តីបន្ទោសនោះទេ។ ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាជួយដល់បងប្អូនជនរងគ្រោះ៕




