សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបានបាក់រលំនេះគឺកំពុងស្ថិតក្នុងដៃសមត្ថកិច្ច ដែលត្រូវអនុវត្តទៅតាមនីតិវិធីតុលាការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតក្នុងអំឡុងពេលកើតហេតុនោះ គឺការជួយសង្រ្គោះជីវិតមនុស្ស កុំគិតទៅតែលើរឿងស្តីបន្ទោសនោះទេ។ ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានថវិកាជួយដល់បងប្អូនជនរងគ្រោះ៕




