សមត្ថកិច្ចតាមចាប់បាន ជនបង្កពិតប្រាកដ ដែលបុកមនុស្ស២នាក់ស្លាប់ នៅផ្លូវ៦០ម៉ែត្រ
អ្នកបើកបររថយន្ត Camry ពណ៌ស ស្លាកលេខភ្នំពេញ 2BB-0035 ដែលបុកមនុស្សស្លាប់ពីរនាក់យ៉ាងអាណោចអាធ័មកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លេីកំណាត់ផ្លូវ៦០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុងស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ជនបង្កពិតប្រាកដនេះមានឈ្មោះ ហ៊ុយ ទូច អាយុ៣៣ឆ្នាំ ត្រូវជាពូរបស់ម្ចាស់រថយន្ដដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរកាលពីម្សិលមិញ។ បន្ទាប់ពីឃាត់ខ្លួនជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ត ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
សូមរំលឹកថាតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ដឹកគ្នាម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្ត ពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ៕


