ប្រការគួរចៀសវាងទាំង ៥ចំណុច ដែលឪពុកម្តាយគួរយកចិត្តទុកដាក់បំផុតដើម្បីឱ្យកូនៗរបស់ខ្លួនរួចផុតពី ‘ជំងឺស្ត្រេស’
ការសិក្សាមួយបានលើកឡើងថា ‘ជំងឺស្ត្រេស’ ភាគច្រើនកើតឡើងទៅលើមនុស្សដែលចូលចិត្តគិតរឿងស្មុគស្មាញ ឬរឿងអត់ប្រយោជន៍មួយចំនួន។ អ្នកខ្លះខ្វាយខ្វល់ជាមួយនឹងការងារ រីឯអ្នកខ្លះទៀតមានបញ្ហាជាមួយនឹងរឿងស្នេហា ប៉ុន្តែបញ្ហាចម្បងដែលធ្វើឲ្យមនុស្សវ័យក្មេងៗឆាប់កើតមានជំងឺស្ត្រេសនោះគឺបណ្តាលមកពីឪពុកម្ដាយ តែម្តង។

ខាងក្រោមនេះគឺជាចំណុចទាំង៥ ដែលបង្ហាញថា ឪពុកម្ដាយមួយចំនួនគឺជាមូលហេតុបង្កឲ្យកូនៗរបស់ពួកគេកើតមាននូវ ជំងឺស្ត្រេស៖
១. តែងតែប្រើជីវិតរស់នៅជាមួយនឹងអតីតកាល

ចំពោះរឿងអតីកាលរបស់ក្មេងៗ គឺពួកគេខ្លួនឯងងាយនឹងបំភ្លេចបានណាស់ ព្រោះពួកគេតែងតែធ្វើរឿងដែលសប្បាយៗនាពេលបច្ចុប្បន្ន និងមានការលេងសើចច្រើនជាមួយមិត្តភក្តិរបស់គេ ហើយវានឹងរសាយបាត់នូវរឿងដែលមិនល្អចេញពីខួរក្បាលរបស់គេ ប៉ុន្តែឪពុកម្ដាយមួយចំនួនតែងតែរំឭកឡើងវិញនូវអនុស្សាវរីយ៍ចាស់ៗដែលមិនល្អតាំងពីអតីតកាលមកនៅចំពោះមុខកូនៗរបស់ខ្លួន ដែលជាហេតុធ្វើឲ្យពួកគេចាប់ផ្ដើមគិតឡើងវិញនូវបញ្ហាទាំងនោះឥតឈប់ឈរ ទាំងនេះហើយដែលជាហេតុបណ្ដាលឲ្យកូនៗឆាប់កើតមាន ជំងឺស្ត្រេស ដោយខានពុំបាន។
២. ការជជែកពិភាក្សា និងវិធីសាស្ត្រអប់រំតាមផ្លូវអវិជ្ជមាន

ពាក្យដែលឪពុកម្ដាយមួយចំនួនតែងតែនិយាយទៅកាន់កូនៗរបស់ពួកគេដូចជា “ឯងគ្មានប្រយោជន៍ … ឯងមិនដឹងរឿងអ្វីទេ” ជាដើម។ ទាំងនេះហើយគឺជាពាក្យដែលឈឺចាប់បំផុតសម្រាប់កូនៗដែលស្ថិតក្នុងវ័យមួយពុំទាន់ចេះគិតគូរបានល្អិតល្អន់នោះ។ ការឈឺចាប់ដោយកាយសម្បទា គឺអាចព្យាបាលបាន ប៉ុន្តែការឈឺចាប់ដោយគំនិតគឺមិនងាយមានវិធីនឹងព្យាបាលបានងាយស្រួលនោះឡើយ។ ឪពុកម្ដាយមួយចំនួនមើលឃើញថាកូនរបស់ខ្លួននៅក្មេងមិនទាន់ចេះគិតអ្វី ប៉ុន្តែវាមិនមែនទាំងអស់នោះទេ ដោយមានក្មេងខ្លះក៏មានមតិ និងយោបល់ល្អៗសម្រាប់ឪពុកម្ដាយរបស់ខ្លួនផងដែរ។
៣. ឪពុកម្តាយដែលមិនទទួលកំហុសនៅចំពោះមុខកូនៗរបស់ខ្លួន

យើងពិតជាដឹងហើយថា នៅលើលោកយើងនេះមិនមានអ្នកណាដែលថាមិនធ្លាប់សាងកំហុសនោះទេ ដូចនេះហើយឪពុកម្ដាយមួយចំនួនក៏មានកំហុសតិចឬច្រើនចំពោះកូនៗរបស់ពួកគេផងដែរ។ ចំពោះកំហុសដែលធ្វើទៅលើកូនៗនេះផងដែរ គឺមានឪពុកម្ដាយមួយចំនួនបានទទួលស្គាល់នូវកំហុសរបស់ពួកគាត់ ប៉ុន្តែសម្រាប់ឪពុកម្ដាយខ្លះទៀត មិនព្រមទទួលស្គាល់នូវកំហុសរបស់ខ្លួនឡើយ ហើយថែមទាំងជជែកវែកញែកយកតែឈ្នះនៅនឹងមុខកូន ព្រោះខ្លាចកូនមើលស្រាលទៅលើខ្លួន។
៤. ការព្យាយាមចាប់កំហុសរបស់កូន

ឪពុកម្ដាយមួយចំនួនតូចតែងតែមានគំនិតតូចចង្អៀតក្នុងការអប់រំកូន ហើយជាពិសេសឪពុកម្ដាយបែបនេះតែងតែមានគំនិតតាមដានកូនរបស់ខ្លួន និងតែងតែចាប់កំហុសកូនៗសឹងតែគ្រប់ពេលវេលា ឱ្យតែពួកគេធ្វើរឿងអ្វីគឺដឹងតែខុស និងមិនចេះត្រូវចិត្តរបស់ពួកគាត់នោះឡើយ។
៥. ការនិយាយស្ដី និងកាយវិការរបស់ឪពុកម្តាយទៅលើកូនៗ

ចំពោះឪពុកម្ដាយដែលយល់អំពីកាលៈទេសៈច្បាស់លាស់ ពួកគាត់តែងតែប្រើពាក្យសម្ដីបែបទន់ភ្លន់ និងផ្អែមល្ហែមនៅពេលដែលពួកគាត់ទូន្មានប្រៀនប្រដៅទៅលើកូនៗរបស់ខ្លួន ប៉ុន្តែក៏នៅតែមានឪពុកម្ដាយមួយចំនួនមិនចេះប្រើពាក្យល្អៗចំពោះកូននៅឡើយ គឺមានតែពាក្យអសុរស និងការប្រើដៃជើងដូចជាអំពើហិង្សាទៅលើកូនជាដើម នៅពេលដែលផ្ដល់ពាក្យទូន្មានដល់ពួកគេ ដែលទាំងនេះហើយជាហេតុធ្វើឲ្យក្មេងឆាប់ភ័យខ្លាច និងមិនហ៊ានបញ្ចេញមុខមាត់នៅក្នុងសង្គម។

ចំណុចអវិជ្ជមានទាំង ៥ ដែលផ្ដើមចេញពីឪពុកម្ដាយខាងលើនេះហើយគឺជាដើមចមយ៉ាងសំខាន់ដែលធ្វើឲ្យមនុស្សវ័យក្មេងឆាប់កើតមាននូវជំងឺស្ត្រេសធ្ងន់ធ្ងរនៅពេលអនាគតជាក់ជាពុំខានឡើយ។ អ្នកគួរកត់សម្គាល់ថា ប្រសិនបើគ្រួសារមួយមានឪពុកម្តាយដែលពុំមានបញ្ហាស្ត្រេសកើតមាននៅលើខ្លួនពួកគាត់ទេ នោះកូនៗដែលស្ថិតនៅក្រោមការចិញ្ចឹមបីបាច់ថែរក្សា និងការទូន្មានផ្សេងៗក៏កម្រនឹងជួបប្រទះនូវបញ្ហាស្ត្រេសនេះដែរ៕
ប្រភព៖ gurukul