សង្ស័យភ្លើងប្រច័ណ្ឌ! នារីជានិស្សិតពេទ្យត្រូវសង្សារបាញ់សម្លាប់ ហើយខាងប្រុសរត់គេចខ្លួនបាត់ស្រមោល
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលប្រជាពលរដ្ឋប្រទះឃើញសាកសពរបស់នារីម្នាក់ដេកស្លាប់នៅក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ស៊ុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងអ្នកលក់អនឡាញ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំលេងបាញ់ រួចក៏ឃើញបុរសជាសង្សារបានបីនារីរងគ្រោះចេញមកក្រៅដោយមានឈាមហូរស្រោចខ្លួនតែម្តង ដាក់កង់បីបញ្ចូនទៅកាន់មន្ទីរពេទ្យ ដោយអ្នកនៅម្តុំនោះមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ។ ប៉ុន្តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ចូលទៅកាន់មន្ទីរពេទ្យ ដោយសារតែរបួសធ្ងន់ធ្ងរពេក ចំណែកឯបុរសជាសង្សារបានរត់គេចខ្លួនបាត់។
ករណីបាញ់ប្រហារនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ប៉ុន្តែជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យថាជាករណីភ្លើងប្រច័ណ្ឌ៕



