ម្ចាស់ហាងពេជ្រ ដាណេ ឧបត្ថម្ភខ្សែ ក មួយខ្សែ និងម៉ូតូមួយគ្រឿង ជូនប្អូនស្រីមរតក ដើម្បីលើកទឹកចិត្តឲ្យខំប្រឹងរៀន ឈប់ភ័យខ្លាច បើមានគេធ្វើបាបទៀតអាចប្រាប់គាត់បាន
កាលពីម្សិលមិញនេះឪពុកជនរងគ្រោះ យុវតី មរតក ដែលត្រូវក្មេងស្រី ៤ នាក់ទៀតវាយធ្វើបាប បានសរសេររៀបរាប់ថា៖ “ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លារ វាគ្រាន់តែជំហានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែនទៀតចំពោះមុខតុលាការ”។

ដោយមានការអាណិតអាសូរ ម្ចាស់ហាងពេជ្រ Dana Try បានបង្ហោះឲ្យដឹងថា៖ “ក្រោយការជួបស្ដាប់ឪពុកម្ដាយគាត់រៀបរាប់ទាំងរលីងរលោង ខ្ញុំរន្ធត់ចិត្តណាស់។ ធម្មតាកូនស្រី ស្រលាញ់ស្ទើរលេប បែរត្រូវគេវាយដំច្រំធាក់ ហើយឃើញស្រស់ៗក្នុងវីដេអូទៀត មានអារម្មណ៍បែបណាទៅ? ថ្ងៃនេះខ្ញុំបានជួបឪពុកម្ដាយ និងក្មេងស្រីដ៏គួរអាណិតនេះហើយ ខ្ញុំប្រាប់គាត់ថា កុំខ្លាច កុំខ្វល់តទៅទៀត អ្នកណាធ្វើអីដាក់បែបហ្នឹងទៀត ត្រូវហ៊ានប្រាប់ ហ៊ាននិយាយ ត្រូវធ្វើជាមនុស្សស្រីដ៏រឹងមាំ ក្លាហាន និងព្យាយាមតស៊ូរៀនសូត្រ។
ខ្ញុំអាណិតគាត់ ខ្ញុំគិតដល់ជីវិតខ្ញុំដែលធ្លាប់នៅម្នាក់ឯង ធ្លាប់រងការភ័យខ្លាចសព្វគ្រប់បែបយ៉ាង តែខ្ញុំមិនដែលចុះចាញ់ទេ ខ្ញុំតែប្រាប់ខ្លួនឯងថា ត្រូវតែជម្នះ ត្រូវតែហ៊ានប្រឈមមុខ ទោះមានរឿងអីកើតឡើងក៏ដោយ។ ខ្ញុំលើកទឹកចិត្តឱ្យគាត់ប្រឹងរៀនសូត្រ ហើយផ្ដល់ខ្សែកឱ្យគាត់មួយខ្សែ និងម៉ូតូមួយគ្រឿងទៀត។ តែខ្ញុំឱ្យគាត់សន្យាថា ប្រឹងរៀនសូត្រ ឈប់ភ័យខ្លាច ហើយមានរឿងអីត្រូវប្រាប់ឪពុកម្ដាយ ហើយបើមានគេគំរាម ត្រូវប្រាប់គ្រូ តែបើនៅតែគេធ្វើបាបទៀត អាចប្រាប់ខ្ញុំបាន។ គាត់ថា ឈប់ឱ្យគេធ្វើបាបហើយ! ចាប់ពីពេលនេះទៅនៅពេលដែលអូនលេីកខ្សែរករពាក់និងជិះម៉ូតូគឺនឹកឃេីញដល់បងដាណាប្រាប់ថាអូនត្រូវតែខ្លាហ៊ាននិងរឹងមាំជានិច្ច ព្រោះបងដាណាស្រលាញ់អ្នករឹងមាំ៕ ”










