រដ្ឋបាលខេត្តសៀមរាប បកស្រាយបំភ្លឺរឿង ក្មេងប្រុស២នាក់បងប្អូនមានជីវភាពខ្វះខាត ក្រខ្សត់ រស់នៅជាមួយជីតា
យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា “ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២០ រដ្ឋបាលស្រុកជីក្រែង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយយោងទៅលើគណនេយ្យទំនាក់ទំនងបណ្ដាញសង្គម ហេ្វកបុក (Facebook) ឈ្មោះ Ath Chantha ផេកសារព័ត៌មាន តារាញូ៍ស និងគណនេយ្យទំនាក់ទំនងបណ្ដាញសង្គម ហេ្វកបុក (Facebook) ឈ្មោះ Dana Try និងផេកហ្វេកបុកដទៃផ្សេងទៀត ដែលបានធ្វើការបង្ហោះពីភាពកំសត់ខ្វះខាតសម្លៀកបំពាក់ និងសម្ភារៈសិក្សា របស់កុមារា ២រូប ស្ថិតនៅភូមិតាអុង ឃុំល្វែងឬស្សីស្រុកជីក្រែង ខេត្តសៀមរាប ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោក ពៅ ប៊ុនធឿន អភិបាលស្រុក និងជាអនុប្រធានសាខាកាកបាទក្រហមស្រុកជីក្រែង បានចាត់ឲ្យលោក មេឃុំល្វែងឬស្សី ចុះពិនិត្យស្ថានភាពរបស់កុមារានៅភូមិឃុំខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖
– ក្មេងដែលខ្វះខាតមានចំនួន ០២នាក់ សព្វថ្ងៃរស់នៅជាមួយជីតាឈ្មោះ ស ប៉ិល អាយុ ៦០ឆ្នាំ ចៅទី១ឈ្មោះ ប៉ិល រ៉ាក់ ភេទប្រុស អាយុ ១០ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាតាអុង ឃុំល្វែងឬស្សី និងចៅទី២ឈ្មោះ ប៉ិល កា ភេទប្រុស អាយុ ៩ឆ្នាំ រៀននៅសាលាបឋមសិក្សាតាអុងដូចគ្នា។ កុមារាទាំង២រូបខាងលើ មានឪពុកឈ្មោះ ហេងណាក់ អាយុ៣០ឆ្នាំ និងម្ដាយឈ្មោះ ផន ផល់ អាយុ ៣៨ឆ្នាំ បច្ចុប្បន្នឪពុកម្ដាយរបស់កុមារាទាំង២ គឺស្ថានភាពគ្រួសាររបស់កុមារាទាំង២នាក់ឪពុកម្ដាយលែងលះគ្នា ទើបបណ្ដោយអោយកូនទៅរស់នៅជាមួយជីតា ជាយូរឆ្នាំទើបបណ្ដាលអោយជួបប្រទះនឹងភាពខ្វះខាត និងក្រខ្សត់ដូច្នេះ។
ចំពោះភាពខ្វះខាតរបស់កុមារាទាំង២រូបនេះ គឺមានការជួយឧបត្ថម្ភកន្លងមកដូចជា៖
– មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប សម្លៀកបំពាក់សិស្ស(ខោ អាវ) ម្នាក់១កំប្លេ និងកាតាបដាក់សៀវភៅ ម្នាក់មួយ និងថវិកាចំនួន ២០០,០០០៛។
– សាលាឃុំល្វែងឬស្សី បានជួយឧបត្ថម្ភជំនួយមនុស្សធម៌របស់សាខាកាកបាទក្រហមឃុំ មានដូចជាៈ កង់១គ្រឿង មី១កេះ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ អំបិលអ៉ីយូត១គីឡូក្រាម ប៊ីចេងកន្លះគីឡូក្រាម ប្រេងឆា១ដបធំ សារុង១ និងថវិកាចំនួន ១០០,០០០៛ កាលពីចុងឆ្នាំ២០១៩។
– អនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឧបត្ថម្ភអំណោយមនុស្សធម៌មានដូចជា៖ ក្នុងម្នាក់ៗទទួលបានខោអាវសិស្ស១ឈុត ខោអាវកីឡា១ឈុត កាបូប១ សៀវភៅ១០ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម បន្ទាត់១ ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ ថវិកា៥០,០០០រៀល ហើយកង់១គ្រឿង និងស្បែកជើងម្នាក់១គូរ។
សូមជម្រាបផងដែរថាជានិច្ចជាកាល លោក អភិបាលស្រុកជីក្រែង តែងតែគិតគូរជានិច្ចដល់វិស័យអប់រំដែលជាវិស័យចម្បងមួយសម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនតាមរយះការបណ្ដុះបណ្ដាលថ្នាលទំពាំងស្នងឬស្សីកុមារតូចៗ ដែលចាំបាច់ណាស់ត្រូវការ ការសិក្សា រៀនសូត្រដែលមិនអាចខ្វះបាន ចំពោះមុខនៃការខ្វះខាតជួបប្រទះនឹងបញ្ហានេះ លោក អភិបាល នៃគណៈអភិបាលស្រុក បានចាត់អោយមេឃុំល្វែងឬស្សី ដើម្បីចុះទៅជួយឧបត្ថម្ភជូនពួកគាត់តាមតម្រូវការជាក់ស្ដែង មិនមែនទុកពួកគាត់ចោលដោយមិនមានការជួយឧបត្ថម្ភ និងរកដំណោះស្រាយអោយនោះទេ។
ជាចុងក្រោយរដ្ឋបាលស្រុកជីក្រែង ក៏ដូចជាឪពុកបង្កើតរបស់កុមារទាំង២ ស្នើសុំឲ្យសាធារណៈជន ម្ចាស់ផេកគណនេយ្យទំនាក់ទំនងបណ្ដាញសង្គមហ្វេកប៊ុក (Facebook) ផ្ទាល់ខ្លួនទាំងឡាយ និងសារព័ត៌មានជាតិទាំងអស់ សូមមេត្តាឈប់បង្ហោះ ឬ Share ចែករំលែកបន្តនូវព័ត៌មាននេះបន្តទៅទៀត ព្រោះស្ថិតក្នុងស្ថានភាពនេះ ឪពុក និងកូនបានជួបគ្នាវិញហើយ៕




