គ្រឹះស្ថានសិក្សានានាចូលរួមចាត់វិធានការណ៍ ការពារវីរុស កូរ៉ូណាថ្មី ដោយពាក់ម៉ាសការពារ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀន
យោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។ ក្នុងនោះដែរ ក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឱ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រមទាំងមានការណែនាំឱ្យសិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឱ្យបានច្រើន។
សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនបានកើនឡើងដល់ ១០៦នាក់ ខណៈដែលករណីថ្មីកើតមានជិត ១៣០០នាក់ ដែលត្រូវបានបញ្ជាក់។ វីរុសកូរ៉ូណាថ្មី កំពុងរាតត្បាតនៅទីក្រុង វូហាន នៅខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ហើយរាតត្បាតដល់បណ្ដាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនៅឡើយ៕






ប្រភព៖ MoEYS Cambodia