ក្រៅពីសប្បាយនៅសង្ក្រាន្ត BOOSTRONG នៅមានកន្លែងល្អៗជាច្រើនទៀតណា៎
ឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងជិតមកដល់ហើយ ប្រហែលមានបងប្អូនយើងជាច្រើនបានរៀបចំគំរោងសម្រាប់ជួបជុំគ្នា និងមានដំណើរកំសាន្តទៅរមណីយដ្ឋានផ្សេងៗមិនខាន តែបើមានបំណងមកលេងទឹកដីកំពង់ឆ្នាំងវិញគឺពិតជាមិនខុសបំណងឡើយ ព្រោះឆ្នាំនេះក្រៅពីមានសង្ក្រាន្ត ប៊ូសស្ត្រង ដ៏ធំនៅទីរួមខេត្តកំពង់ឆ្នាំងហើយ បងប្អូនក៏អាចទៅលេងរមណីយដ្ឋានជាច្រើនទៀតផងដែរ។ សម្រាប់បងប្អូនដែលមានបំណងចងមកលេងដើម្បីផ្លាសប្ដូរបរិយាកាសសប្បាយៗ និងបន្ធូរអារម្មណ៍ជាមួយបរិយាកាសធម្មជាតិដ៏បរិសុទ្ធនោះ សូមកុំភ្លេចមកលេងនៅកំពង់ឆ្នាំងដែលមានរមណីយដ្ឋានសំខាន់ដូចជា៖
1. ភ្នំនាងកង្រី
ភ្នំនាងកង្រី មានចម្ងាយ១៤គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើមើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី នោះឯង ។ មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្ម ១ អង្រែថ្ម ១ ធំតាំងពីបុរាណមក មិនដឹងជានរណាសាងទេ ។ ពួកជនអ្នកឡើងទៅដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ ។ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) ។

2. រមណីដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល
រមណីដ្ឋានធម្មជាតិនេះ មានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស មានចម្ងាយជាង ២៨ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុស ឬស្ថិតនៅប្រមាណជាង ៥០ គីឡូម៉ែត្រ ភាគខាងលិចនៃខេត្តកំពង់ឆ្នាំង។ រមណីដ្ឋាននេះមានទឹកធ្លាក់ អមទៅដោយធម្មជាតិដ៏ស្រស់បំព្រង ត្រជាក់បរិសុទ្ធ។

3. ភ្នំសន្ទូច
ទីតាំងភ្នំសន្ទូច ខេត្តកំពង់ឆ្នាំងគឺជាកន្លែងដែលងាយស្រួល ទៅដល់ពីគ្រប់កន្លែងនៃប្រទេសកម្ពុជា។ ភ្នំសន្ទូចជា រមណីយដ្ឋានធម្មជាតិ នៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀ។
អ្នកត្រូវធ្វើដំណើរចម្ងាយ៣គីឡូម៉ែត្រ ពីទីរួមខេត្ត ឬប្រហែល៩៤គម ពីភ្នំពេញ ដើម្បីទៅដល់រមណីយដ្ឋានភ្នំសន្ទូចនេះ។ ភ្នំសន្ទូច គឺជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាតមួយ ដែលផ្តល់ឲ្យភ្ញៀវទេសចរ និងអ្នកស្រុក នូវផាសុកភាព និងការសម្រាកលម្ហែកាយ ពីភាពស្មុគស្មាញប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធិភាព។

4. ភ្នំរាប់បាត្រ
ភ្នំរាប់បាត្រ គឺជារមណីយដ្ឋានធម្មជាតិ និងបែបវប្បធម៌ដ៏អស្ចារ្យ មានទីតាំងនៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀ។ ភ្នំរាប់បាត្រ ស្ថិតនៅចម្ងាយ១២គ.ម ពីទីរួមខេត្ត ឬប្រហែល១០៣គ.ម ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥។

5. ប្រាសាទថ្មប្ដី
ប្រាសាទថ្មប្តី មានទីតាំងនៅក្នុងភូមិជ្រលាង ស្រុកកំពង់លែង ដែលយើងអាចធ្វើដំណើរប្រមាណ១៥ គម ពីទីរួមខេត្តកំពង់ឆ្នាំង ដើម្បីទៅដល់ប្រាសាទថ្មប្តី។

6. ភ្នំតារាជ
ភ្នំតារាជជាកន្លែងប្រវត្តិសាស្ត្រ និងធម្មជាតិ ទាក់ទងនឹងជំនាន់ ប៉ុល ពត ដែលបានដាក់អ្នកទោសនៅក្នុងល្អាងភ្នំ។ ភ្នំតារាជ មានទីតាំងនៅក្នុងភូមិតូច ឃុំពង្រ ស្រុករលាប្អៀ មានចម្ងាយប្រមាណ១០គម ពីទីរួមខេត្ត។

7. ភ្នំក្រាំងរមាស
ភ្នំក្រាំងរមាស គឺជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយប្រចាំខេត្តកំពង់ឆ្នាំង ហើយវាពិតជាកន្លែងដែលសាកសមអ្នកដែលស្រលាញ់ធម្មជាតិ ចូលចិត្តមកលេងកម្សាន្តនិងសម្រាកនៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃបានយ៉ាងសុខស្រួល។ រមណីយដ្ឋាននេះ ស្ថិតនៅចម្ងាយប្រមាណ២គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង។

ក្រៅពីរមណីយដ្ឋានទាំងនេះ ក៏នៅមានរមណីយដ្ឋានជាច្រើនទៀតដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងដែលអាចឲ្យបងប្អូនមកលំហែរកំសាន្តជាលក្ខណៈ មិត្តភក្ដិ គ្រួសារ គូរសង្សារ បានយ៉ាងសប្បាយរីករាយ។
