វិធីសាស្រ្តរៀបចំរចនាសម្ព័ន្ធក្រុមការងារនៅពេលពង្រីកក្រុមហ៊ុន!
លោកអ្នកត្រូវការដំណើរការពាណិជ្ជកម្មរឹងមាំដើម្បីពង្រីកពាណិញ្ជកម្មចេញពីគ្រឹះដ៏រឹងមាំដែរ។ ប៉ុន្តែដើម្បីធ្វើបានបែបនោះដោយជោគជ័យ លោកអ្នករៀបចំផែនការតាំងពីពេលចាប់ផ្តើមមក។ លោកអ្នកត្រូវតែមានទស្សនវិស័យច្បាស់ចំពោះពាណិជ្ជកម្ម និងបង្ហាញឱ្យក្រុមការងារទាំងអស់យល់។ លោកអ្នកក៏ត្រូវបង្កើតវប្បធម៌រីកចម្រើន កំណត់តួនាទីនិងទំនួលខុសត្រូវ និងជ្រើសរើសក្រុមមេដឹកនាំដែលត្រូវដែរ។
១/ មានទស្សនវិស័យច្បាស់លាស់
ចំណុចចាប់ផ្តើមក្នុងដំណើររបស់លោកអ្នកគឺទស្សនវិស័យច្បាស់លាស់នៅក្នុងចិត្ត អំពីចំណុចដែលលោកអ្នកចង់ទៅដល់។ លោកអ្នកក៏ត្រូវមានបេសកកម្មរបស់ក្រុមហ៊ុនឱ្យច្បាស់លាស់ដែរ គឺកិច្ចការដែលត្រូវធ្វើ និងយុទ្ធសាស្រ្តកម្រិតខ្ពស់ដែលចាំបាច់សម្រាប់អនុវត្តទស្សនវិស័យ។ ទស្សនវិស័យ បេសកកម្ម និងយុទ្ធសាស្រ្តជាធាតុសំខាន់សម្រាប់ពាណិជ្ជកម្មដែលចង់រីកចម្រើននិងពង្រីកខ្លួន។ នៅពេលលោកអ្នកមានចំណុចទាំងអស់នេះច្បាស់លាស់ក្នុងចិត្តហើយ លោកអ្នកអាចចាប់ផ្តើមពន្យល់ប្រាប់ក្រុមការងាររបស់លោកអ្នក។ ការទាក់ទងនិងធ្វើឱ្យគេយល់ទស្សនវិស័យរបស់លោកអ្នកជារឿងសំខាន់ណាស់នៅក្នុងការគ្រប់គ្រងនិងដឹកនាំ ដោយសារនៅពេលពាណិជ្ជកម្មរីកកាន់តែធំ ចំណុចខ្វះខាតនឹងកើតឡើងកាន់តែច្រើន។ ប៉ុន្តែបើមនុស្សគ្រប់គ្នានៅក្នុងពាណិជ្ជកម្មដឹងថាគេកំពុងតែធ្វើដំណើរទៅទិសដៅណា និងហេតុអ្វីបានជាត្រូវទៅទិសដៅនោះ បញ្ហាដែលកើតឡើងនឹងមិនសូវពិបាកដោះស្រាយប៉ុន្មានទេ។

២/ បង្កើតវប្បធម៌រីកចម្រើន
ក្រោយពីក្រុមការងារទាំងអស់ដឹងច្បាស់ទស្សនវិស័យពាណិជ្ជកម្មហើយ ពេលនេះគេត្រូវដឹងថាការរីកចម្រើនមានសារៈសំខាន់ណាស់ចំពោះលោកអ្នក ក្រុមហ៊ុន និងពួកគេដែរ។ ពេលនេះលោកអ្នកអាចបង្កើតវប្បធម៌មួយដែលគាំទ្រនិងពង្រឹងការរីកចម្រើននេះ។ ដំបូងត្រូវលើកទឹកចិត្តបុគ្គលិករបស់លោកអ្នកឱ្យតែងតែគិតអំពីការពង្រីកពាណិជ្ជកម្ម។ បន្តអប់រំពួកគេអំពីសារៈសំខាន់នៃការរីកចម្រើននិងកិច្ចការដែលពួកគេអាចធ្វើបានក្នុងតួនាទីប្រចាំថ្ងៃដើម្បីធ្វើឱ្យក្រុមហ៊ុនរីកចម្រើន។ លោកអ្នកអាចធ្វើបែបនេះបានតាមរយៈការបើកច្រកទំនាក់ទំនងក្នុងចំណោមក្រុមការងារ និងអប់រំទស្សនៈរបស់ពួកគេអំពីអ្វីដែលជាការរីកចម្រើន ហើយការរីកចម្រើននោះមានន័យយ៉ាងណាចំពោះពួកគេនិងស្ថាប័នការងារទាំងមូល។ លោកអ្នកក៏គួរតែរក្សាបរិស្ថានបើកចំហនិងស្មោះត្រង់ដែរ ដើម្បីផ្តល់ឱកាសឱ្យគំនិតច្នៃប្រឌិតនិងនវានុវត្តន៍។

៣/ កំណត់ទំនួលខុសត្រូវការងារ
ក្រុមការងារគ្រប់ផ្នែកក្នុងក្រុមហ៊ុនរបស់លោកអ្នកត្រូវតែយល់ច្បាស់អំពីតួនាទីនិងទំនួលខុសត្រូវរបស់ពួកគេ។ ដូច្នេះហើយភាពច្បាស់លាស់នៃតួនាទីពិតជាសំខាន់ណាស់។ លោកអ្នកត្រូវការកំណត់ថានរណាត្រូវធ្វើកិច្ចការអ្វីខ្លះ ហើយគេស្ថិតនៅត្រង់ចំណុចណានៃរចនាសម្ព័ន្ធក្រុមហ៊ុនទាំងមូល។ ការតាមដានរបៀបធ្វើការរបស់បុគ្គលិកក៏សំខាន់ណាស់ដែរ ដោយសារវាជយយទាំងការរីកចម្រើនជាលក្ខណៈបុគ្គលនិងការរីកចម្រើនរបស់ក្រុមហ៊ុន។ ដូច្នេះសូមដាក់ដំណើរការគ្រប់គ្រងរបៀបធ្វើការដែលមានបានដំណាក់កាលគឺ ផែនការ ធ្វើ និងពិនិត្យឡើងវិញ។ លោកអ្នកក៏អាចប្រើប្រាស់វិធីសាស្រ្តនេះដើម្បីអភិវឌ្ឍនិងលើកទឹកចិត្តបុគ្គលិកឱ្យបន្តការអប់រំរបស់គេជានិច្ច។

៤/ ជ្រើសរើសភាពជាអ្នកដឹកនាំយ៉ាងវៃឆ្លាត
ចំណុចមួយនេះសំខាន់ណាស់ចំពោះការរីកចម្រើន ដោយសារមេដឹកនាំជាអ្នកតម្រង់ទិសដៅវប្បធម៌រីកចម្រើននិងរុញច្រានពាណិជ្ជកម្មឱ្យទៅមុខ។ ដូច្នេះហើយសូមជួលមេដឹកនាំណាដែលមានគុណតម្លៃត្រូវការនាំទស្សនវិស័យរបស់ក្រុមហ៊ុន គាំទ្រដល់ការរីកចម្រើន និងលើកទឹកចិត្តបុគ្គលិកដើម្បីធ្វើការបានល្អបំផុត។ លក្ខណៈសំខាន់ៗដែលត្រូវសម្លឹងមើលគឺភាពជាអ្នកដឹកនាំ របៀបគ្រប់គ្រង ការប្រាស្រាយទាក់ទងគំនិត ឥទ្ធិពល និងលទ្ធផលការងារ៕

ប្រភព៖.entrepreneur