ករណីជម្លោះហិង្សារបស់ នាយចឺម ត្រូវបានបញ្ចប់ ដោយទទួលបានសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារ
ករណីហិង្សា ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យនាយចឺមរងរបួសនោះ ទីបំផុតនាយចឺម ក៏បានទទួលសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារ នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “សូមអបអរសាទរគូជម្លោះកីឡាករ ង៉ែត លីទី និងតារាចម្រៀងនាយ ចឹម បានបញ្ចប់ជម្លោះ នៅមុននេះបន្តិចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយទទួលបានសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារ រីឯទោសព្រហ្មទណ្ឌនឹងត្រូវអនុវត្តទៅតាមច្បាប់។ សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តប៉ៃលិនទាំងអស់ ដែលបានសម្របសម្រួលផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនាយចឹម ជាពិសេសលោកមេធាវី យូ ឧស្សាហ៍ ដែលបានស្ម័គ្រចិត្តជួយការពារក្តីជូនជនរងគ្រោះ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់លើយុត្តិធម៌។ អរគុណសន្តិភាព”។
សូមរំលឹកថា មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយមានករណីលោក សុខ មេសា ហៅនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ ដោយមានការលើកឡើងថានាយចឺមបានលួចឈែតញ៉ែសង្សារគេ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេរធ្ងន់ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន អិច មួយគ្រឿងខូចទាំងស្រុង៕


