លោក យឹម តាស្រង់ រំភើបចិត្តបន្ទាប់ពីកញ្ញា តន់ ចាន់សីម៉ា ហ៊ានចែកផ្តល់ចំណូល 20% មកអ្នកនិពន្ធ
- February 3, 2020
កញ្ញា តន់ ចាន់សីម៉ា ជាតារាចម្រៀងមួយរូបដែលទើបនឹងប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែនាងកំពុងវាយលុកខ្លាំងនៅក្នុងទីផ្សារសិល្បៈ អាចឆក់បានបេះដូងប្រិយមិត្ត តាមរយៈបទចម្រៀងរបស់នាង ពីមួយទៅមួយបទ ដោយតែសមត្ថភាពដែលអំណោយផលពីធម្មជាតិរបស់នាង។ ទន្ទឹមនឹងគ្នានោះ ពេលនេះបទចម្រៀងដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់គឺបទ «គេនោះជាស្រីកាប់ដាវ» ជាពិសេសបទ«ឡានសារ៉ែន» បានធ្វើឲ្យប្រទេសជិតខាងយកទៅបង្កើតជាក្បាច់រាំទៀតផង។

គួររំលឹកផងដែរថា ចម្រៀងដែលមានសន្ទុះគាំទ្ររបស់នាង ក៏មានការនិពន្ធឡើងដោយស្នាដៃរបស់លោក យឹម តាស្រង់ផងដែរ។ ពេលនេះនាង បានធ្វើឲ្យលោក យឹម តាស្រង់ រំភើបចិត្តយ៉ាងខ្លាំង ដោយតារាស្រីរូបនេះបានផ្តល់ចំណូល ២០% នៃសកម្មភាពរបស់នាងក្នុងវិស័យសិល្បៈ និងការថតស្ពតពាណិជ្ជកម្ម ក្នុងរយៈពេលដ៏វែង។ លោកយឹម តាស្រង់ បានបន្ថែមថា« អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរដែលបានទទួលការចែកភាគលាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បងនិងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន»។
គួរបញ្ជាក់ផងដែរ ការផ្តល់ចំណូល ២០%នេះ បានធ្វើឡើង ដោយមានការចូលរួមពីក្រុមមេធាវី និងសាក្សី និង ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យាមួយនេះ៕




- Share This Post:






