រន្ធត់ណាស់! ចេញពីខួបកំណេីតជូនមិត្តភ័ក្តទៅផ្ទះ ស្រាប់តែផ្ទុះបែកកង់មុខរេចង្កូតទៅបុកបង្គោលភ្លេីង ក្រឡាប់ស្លាប់ម្ចាស់ខួប របួសធ្ងន់ស្រាល៣នាក់
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ជាងឡានវ័យក្មេងម្នាក់ស្លាប់ ចំណែកស្ត្រីម្នាក់របួសធ្ងន់ និងបុរសអ្នកបេីកបររួមទាំងនារីម្នាក់ទៀតរបួសស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡេីងដោយរថយន្ត LEXUS GS300 ស៊េរីទំនេីប ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បេីកបោះពួយក្នុងល្បឿនលឿន ស្រាប់តែផ្ទុះបែកកង់មុខរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យទ្រេតរបេីងទាំងគល់ ហេីយខ្ទាតបេីងរថយន្តក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ ផ្ទុះពោងសុវត្ថិភាពទាំងអស់ ដាច់កង់មុខ រងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតផ្លូវបេតុង(ក្រោយផ្សារក្រមួន) លេីកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីអ្នកដែលស្គាល់ជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំងអស់គ្នា ទេីបតែចេញពីជួបជុំគ្នាក្នុងកម្មវិធីខួបកំណេីតរបស់ជនរងគ្រោះហេីយ តែបែរជាចេញមកដល់ចំណុចកេីតហេតុ ក៏ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តយ៉ាងដូច្នេះសោះ ។
បេីយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ជឹម សុភ័ក្ត អធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ បានអោយដឹងពីដំណេីររឿងហេតុករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាក ឡិចស៊ីស LEXUS-GS300 ស៊េរីទំនើប ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បើកបរដោយឈ្មោះ ឈួន គឹមហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនគរបាលក្រុងតាខ្មៅ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (របួសមធ្យម) និងរួមដំណេីរដោយមនុស្សប្រុសស្រី៣នាក់ទៀត ទី១.ឈ្មោះ ឆេង ណារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២.ឈ្មោះ ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មិនស្គាល់ទីលំនៅ(រងរបួសធ្ងន់ បែកមុខ និងបាក់ដៃស្តាំ) ។ ទី៣.ឈ្មោះ លីន ភេទស្រី អាយុ២៣ ឆ្នាំ មិនស្គាល់ទីលំនៅ(រងរបួសស្រាល) បើកបរទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកេីតហេតុខាងលេី ក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង ក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំបណ្ដាលឲ្យមានបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់របួសធ្ងន់ និងបុរសអ្នកបេីកបររួមទាំងនារីម្នាក់ទៀតរបួសស្រាល ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងដែរថា មុនកេីតហេតុ គេឃេីញរថយន្តខាងលេី ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ខណៈយប់ជ្រៅផ្លូវមានសភាពស្ងាត់ទៀតនោះ បានបោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ចៃដន្យស្រាប់តែរថយន្តផ្ទុះបែកកង់មុខទេីបធ្វេីឲ្យរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតមួយដេីម ទ្រេតរបេីងទាំងគល់ ចំណែករថយន្តខ្ទាតបេីងក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ ហេីយថែមទាំងផ្ទុះពោងសុវត្ថិភាពទាំងអស់ ដាច់ទាំងកង់មុខ រងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង បណ្ដាលឲ្យបុរសជាងឡានខាងលេី ខ្ទាតបោកផ្ទប់ក្រវីចុះឡេីងពេញក្នុងរថយន្ត បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីររងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗ តែជាសំណាងមួយដែរ ព្រោះអ្នកបេីកបររថយន្ត និងនារីម្នាក់ទៀតជាអ្នករួមដំណេីរ គ្រាន់តែរងរបួសមធ្យមប៉ុណ្ណោះ បានឡេីងរថយន្តមួយគ្រឿងទៀត ចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់ទុកសពជនរងគ្រោះ ដេកក្នុងថ្លុកឈាម ជេីងជាប់លេីរថយន្ត គួរឲ្យអាសូរ ។
បន្តិចក្រោយមកគេឃេីញមិត្តភ័ក្ដិប្រុសស្រីរបស់ជនរងគ្រោះ បានបេីករថយន្តទំនេីបៗជាច្រេីនគ្រឿង មកដល់ចំណុចកើតហេតុខាងលើបន្តបន្ទាប់គ្នា ដោយឃេីញពីសភាពជាក់ស្ដែងរបស់ជនរងគ្រោះ ពិតជាគួរអោយរន្ធត់ ទេីបនាំគ្នាជួយយកចេញមកដាក់លេីហ្វ្រាំងការ និងទាក់ទងប្រាប់ម្ដាយជនរងគ្រោះបានដឹង និងមកដល់កន្លែងកេីតហេតុ ស្រែកទ្រហោយំ នឹកស្រណោះដូចជាស្រស់ៗពេក មិនគួរណាកូនជួបរឿងអកុសលបែបនេះសោះឡេីយ។
យោងតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងដែរថា មូលហេតុមកពីម្ចាស់រថយន្តបើកបរក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានធ្វេីកំណត់ហេតុប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលេីការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនៅពេលក្រោយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វេីកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង








