ស្អែកនេះសម្តេចតេជោ នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថានៅថ្ងៃស្អែកនេះ សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ការថ្លែងនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ ដោយសម្តេចតេជោ បានអញ្ជើញជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល។

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ៖ “នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស”។
ក្នុងកិច្ចសន្ទនាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុងប្រឈម និងរួមគ្នាដោះស្រាយ។ សូមរំលឹកថានាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនអ្នកផ្ទុកមេរោគ Coronavirus កើនឡើងដល់ ២០ ៦២៦នាក់ រីឯអ្នកស្លាប់កើនឡើងដល់ ៤២៦នាក់៕
