ស្ថានភាពជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ មានភាពធូរស្រាលកាន់តែខ្លាំងហើយ ដោយលទ្ធផលវិភាគរោគសញ្ញាលើកទី១ អវិជ្ជមាន
បុរសជនជាតិចិនម្នាក់ឈ្មោះ លោក ចា ជិនហូ អាយុ៦០ឆ្នាំ ដែលឆ្លងវីរុសប្រភេទថ្មីកូរ៉ូណា ហើយត្រូវបានគ្រូពេទ្យចងខ្សែនៅមុខបន្ទប់ស្នាក់នៅដាច់ដោយឡែកពីគេនៅមន្ទីរបង្អែកខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានរដ្ឋមន្ដ្រីសុខាភិបាល បានឲ្យដឹងថាបុរសជនជាតិចិនរូបនេះ មានភាពធូរស្រាលកាន់តែខ្លាំងហើយ បន្ទាប់ពីលទ្ធផលវិភាគរោគសញ្ញាលើកទី១ បានបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)។

ទោះជាយ៉ាងណាក្រុមគ្រូពេទ្យពុំទាន់អនុញ្ញាតឲ្យជនជាតិចិននោះ ចាកចេញពីមន្ទីរពេទ្យនោះទេ ដោយនៅបន្តតាមដានជាបន្ត ប្រសិនបើលើកទី២ នៅតែពិនិត្យមិនឃើញមានរោគសញ្ញាទេ ខាងក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យជនជាតិចិនរូបនេះចាកចេញពីមន្ទីរពេទ្យ។ សូមបញ្ជាក់ថា បុរសអ្នកជំងឺរូីបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាមួយក្រុមគ្រួសារ៣នាក់ទៀត បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា។ យ៉ាងណាមិញរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ មានតែមួយករណីប៉ុណ្ណោះលើជនជាតិចិន៕
