និមិត្តសញ្ញា ដែលរចនាឡើងដោយនិស្សិតសាលារចនា ត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
និមិត្តសញ្ញា (logo) ដែលរចនាឡើងដោយនិស្សិត សៀង ឆាយលី ទទួលបានជ័យលាភី និងត្រូវបានជ្រើសរើសជានិមិត្ត សញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នេះបើយោងតាមការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បច្ចុប្បន្ននេះ និស្សិត សៀង ឆាយលី កំពុងរៀនថ្នាក់ឆ្នាំទី៤ ផ្នែកគំនូរសារគមនាគម (Graphic Design) នៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

និស្សិត សៀង ឆាយលី គឺជានិស្សិតដ៏ឆ្នើមមួយរូបដែលមានទេពកោសល្យខ្ពស់ផ្នែកគំនូរសារគមនាគម និងធ្លាប់បានរចនាគំនូរ និងសិល្បៈជាច្រើនប្រកបដោយភាពឆ្នៃប្រឌិត។ កាលពីពេលថ្មីៗកន្លងទៅនេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែមករា ឆ្នាំ២០២០ និស្សិតឆ្នើមរូបនេះត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលផ្នែកគំនូរសារគមនាគមនៅប្រទេសអេស៉្បាញ ក្រោមអាហារូបត្ថម្ភពីកម្មវិធី Erasmus+។ សូមរំលឹកថាជ័យលាភីនឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៤លានរៀល។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ ខាង មុខនេះ គឺជាកិច្ចប្រជុំលើកទី១ហើយដែលត្រូវបានរៀបចំនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕





ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: