ផ្ទុះម៉ាស៊ីនបោកខោអាវ ឆេះផ្ទះជាន់ទី១ ជាប់សាលាអន្តរជាតិប្រាយថាម សិស្សនិងគ្រូរត់ចែកជើងគ្នា ផ្អេីលរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿងចេញជួយអន្តរាគមន៍
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះហាងកាហ្វេមួយកន្លែង ជាប់នឹងសាលាអន្តរជាតិប្រាយថាម នាវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅផ្លូវទួលពង្រ(ហៅផ្លូវ៣០ម៉ែត្រ) ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានឡើងទៅបោកខោអាវនៅជាន់ខាងលើ ខណៈពេលកំពុងយកខោអាវដាក់ចូលម៉ាស៊ីនច្រើនលើសទម្ងន់ បណ្តាលឲ្យម៉ាស៊ីនបោកខោអាវគាំងក្ដៅ ហេីយក៏ឆ្លងចរន្តប្រព័ន្ធខ្សែភ្លើង បណ្តាលឲ្យឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រាលដាលដល់ក្នុងចង្រ្កានបាយ និងផ្ទុះធុងហ្គាសតែម្ដង បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកកន្លែងកេីតហេតុ ធ្វេីការបាញ់ពន្លត់ រហូតរលត់ទៅវិញ គ្រាន់តែខូចខាតសម្ភារៈមួយចំនួន និងមិនបណ្ដាលអោយមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ម្ចាស់ផ្ទះឈ្មោះ ឣៀង វុទ្ធា ភេទស្រី អាយុ៤១ឆ្នាំ ។ មូលហេតុនៃការឆេះផ្ទុះម៉ាស៊ីនបោកខោអាវ ឆេះផ្ទះមួយល្វែងនៅជាន់ទី២ ផ្នែកខាងក្រោយផ្ទះបាយ ខូចខាតម៉ាស៊ីនបោកខោអាវ ចំនួន ១, ម៉ាស៊ីនភ្លើង ចំនួន១, កៅអីចំនួន ចំនួន១០, ចង្ក្រានប្រើធ្យូង ចំនួន១, ធុងទឹកជ័រ ចំនួន២ ។ ដោយមានការចូលរួមពីឡានពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ៤គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមសង្គ្រោះ៧១១ (ង៧០) ចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញ អស់២គ្រឿង ក៏បានរលត់ជាស្ថាពរ នាវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃដដែលនេះ។ បច្ចុប្បន្ន ក្រោយពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទប់ស្កាត់បានទាន់ពេលវេលា មិនឲ្យមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរៗកន្លែងកើតហេតុនោះឡេីយ៕


អត្ថបទ៖ បងម៉េង