ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្ដឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អធិរាជមហាសាច់ ដេីម្បីចាត់វិធានការផ្លូវច្បាប់នៅតុលាការ

    BY Khmernote Media February 6, 2020
    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្ដឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អធិរាជមហាសាច់  ដេីម្បីចាត់វិធានការផ្លូវច្បាប់នៅតុលាការ

    រាជធានីភ្នំពេញ ៖ ប្រិយមិត្តទាំងអស់ពិតជាស្គាល់ហេីយគណនេយ្យហ្វេសប៊ុកឈ្មោះ “អធិរាជ មហាសាច់ ” ពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីឡាយ (live) ជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់ផ្នែកចរាចរណ៍នៃស្នងការខេត្តបាត់ដំបងដែលមិនអាចទទួលយកបាន និងធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់សមត្ថកិច្ចនៃស្នងការខេត្តទាំងមូលនិងធ្វើឲ្យមតិមហាជន ក៏ដូចជាប្រជាពលរដ្ឋ យល់ច្រឡំ និងអស់ទឹកចិត្តលើសមត្ថកិច្ច។

    យោងតាមពាក្យបណ្ដឹងនេះមានលោក ប៉ែន រិទ្ធី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ នៃស្នងការខេត្តបាត់ដំបងជាដើមបណ្តឹង និងជានីតិបុគ្គលតំណាងឲ្យស្នងការខេត្តផងដែរ។ ពាក្យបណ្ដឹងខាងលើនេះដែរ ស្នងការនគរបាលខេត្តបានធ្វើឡើង ក្រោយពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបកស្រាយ និងជម្រាបជូនដល់សាធារណជនទៅលើករណីដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះអធិរាជមហាសាច់ បានឡាយ (live) ជេរប្រមាថ យ៉ាងធ្ងន់ធ្ងរ មកលើសមត្ថ កិច្ចជាសាធារណៈតាមបណ្តាញសង្គមកន្លងទៅថ្មីៗនេះ។

    នៅក្នុងខ្លឹមសារដែលក្រុមការងារប្រតិកម្មរហ័សនៃស្នងការខេត្តបានធ្វើការស្រាយបំភ្លឺដល់សាធារណជន បានសរសេរថាសូមជម្រាបជូន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថា នៅរសៀលថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៩ មាន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អធិរាជ មហា សាច់ បានLiveរូបភាព និង សំឡេង ដោយធ្វើការជេរប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ សាធារណៈក្នុងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ស្របតាមច្បាប់តួនាទីនិងភារកិច្ចរបស់ខ្លួន ។

    ខ្លឹមសារដដែលបន្តថាការបំពេញភារកិច្ច របស់មន្ត្រីនគរបាលចរាចរណ៍ត្រូវតែអនុវត្តស្របទៅតាមច្បាប់ដែលបានចែងនិងបទដ្ឋានគតិយុត្តិនានាដែលបានកំណត់ដោយ គ្មានការលើកលែង និងយោគយល់បានឡើយចំពោះអ្នកប្រព្រឹត្តិខុសច្បាប់ ។ ខ្លឹមសារ បានបន្តថាករណី អ្នកបើកបរ ( គ្មានប័ណ្ណបើកបរ ) ត្រូវទទួលការពិន័យអន្តរការណ៍ ស្របតាមមាត្រា១០នៃអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ខ្លឹមសារដដែលបានសង្កត់ធ្ងន់ថា​សកម្មភាព របស់ម្ចាស់គណនីហ្វេសប៊ុក ខាងលើមានចេតនាគាំទ្រយ៉ាងពេញទំហឹង និងកំពុងលើកទឹកចិត្តចំពោះអ្នកប្រព្រឹត្តិផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីនេះសកម្មភាពរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើបានប្រព្រឹត្តិ ផ្ទុយយ៉ាងជាក់ស្ដែងនឹងជំពូកទី៤ មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងពីការជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈហើយអំពើនេះ ត្រូវទទួលនូវការទោសព្រហ្មទណ្ឌផងដែរចំពោះអ្នកប្រព្រឹត្តិ ។ សកម្មភាពជេរប្រមាថ មាក់ងាយ ចំពោះមន្ត្រីនគរបាលជាតិ ជាសាធារណៈ បែបនេះយើងមិនអាចទទួលយកបានឡើយ នៅពេលនេះ ថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងពិនិត្យ និងពិចារណាអំពីវិធានការខាងផ្លូវច្បាប់ចំពោះទង្វើ និង សកម្មភាពខុសឆ្គងរបស់ ម្ចាស់គណនីហ្វេសប៊ុកខាងលើហើយ។

    សូមបញ្ជាក់ថា កន្លងទៅរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានអះអាងថាការបង្ហោះព័ត៌មាននៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ ខណៈដែលមានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង មានប្រសាសន៍ថា ការបង្ហោះ ការអត្ថាធិប្បាយ និងចែកចាយព័ត៌មាននៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មាន ដែលត្រូវការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន តាមទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។ ការអះអាងនេះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញការងឿយឆ្ងល់ នៅពេលដែលអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អ្នកលេង Facebook ត្រូវគិតពេលបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕

    អត្ថបទ៖ បងម៉េង

    Share This Post: