រថយន្តបែនដឹកដី សណ្តោងគ្នាឆ្លងផ្លូវ៦០ម៉ែត្រ តែរថយន្ត PRIUS បេីកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ទៅបុកទាក់ខ្សែកាបសណ្ដោងខ្ទេចមួយកំណាត់មុខ
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿង ពេលកំពុងបើកបរស្រាប់តែមានបញ្ហាបណ្តាលអោយខូចលែងទៅមុខក៏ហៅរថយន្តបែនដឹកដីមួយទៀតមកសណ្តោងខណៈពេលដែលរថយន្តទាំងពីរសណ្តោងគ្នាបត់ត្រលប់ក្រោយឆ្លងកាត់ទទឹង ផ្លូវ៦០ម៉ែត្រ ក៏ មានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូសធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងមកខ្វះការប្រុងប្រយ័ត្នអាងតែផ្លូវស្ងាត់ក៏ជ្រុលទៅបុកទាក់ខ្សែកាបសណ្តោងបណ្តាល ឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ។ ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រ ឈានចូលទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទល់មុខច្រកចូលសាលាខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីតៃកុងរថយន្តបែនដឹកដីបានប្រាប់អោយដឹងថា មុនកេីតហេតុគឺរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4246 ពេលកំពុងបើកស្រាប់តែមានបញ្ហា បណ្តាលអោយខូចហើយរូបគេក៏ហៅរថយន្តបែន មួយគ្រឿងទៀត ម៉ាកFUSOពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-6047 អោយមកសណ្តោងខណៈពេលដែលផ្លូវស្ងាត់ រថយន្តទាំងពីរគ្រឿងនោះបានសណ្តោងគ្នា បត់ត្រលប់ក្រោយវិញស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2BE-8663 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម មិនបន្ថយល្បឿនឃើញដូច្នោះរថយន្តបែនដឹកដីទាំងពីរគ្រឿង ក៏បានចុចស៊ីផ្លេជាប់អោយលឺជាសញ្ញាដែរ ដេីម្បីអោយរថយន្តតូយូតាព្រូស បន្ថយល្បឿន តែរថយន្តនោះនៅតែបន្តដំណើរមកបន្ត ក៏ជ្រុលមកបុកទាក់ខ្សែកាបសណ្តោងរថយន្ត បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងមិនបណ្តាលអោយនណារម្នាក់រងរបួសឡេីយ។
ប្រភពព័ត៌មានពីម្ចាស់រថយន្តតូយ៉ូតាព្រូស វិញ បានប្រាប់អោយដឹងថា ខណៈពេលដែលគាត់ បេីកបររថយន្ដតាមបណ្ដោយផ្លូវ៦០ម៉ែត្រនោះ មក គាត់ពិតបានឃើញបែនដឹកដីទាំង២គ្រឿងនោះបេីកឆ្លងផ្លូវមុខក្រោយគ្នា ត្រលប់ក្រោយពិតមែនតែគាត់ មិនដឹងថារថយន្តទាំងពីរគ្រឿង កំពុងសណ្តោងគ្នានោះទេ ទាល់តែពេលមកដល់កៀកហេីយ ទេីបខំជាន់ហ្វ្រាំងដែរតែមិនទាន់ ក៏ជ្រុលទៅបុកទាក់ខ្សែកាបសណ្តោងនោះតែម្តង បណ្តាលអោយរថយន្តគាត់រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ ក្រោយ កេីតហេតុរថយន្តទាំងបីគ្រឿង ដោះស្រាយគ្នាមិនត្រូវនៅកន្លែងកើតហេតុក៏ត្រូវបាន សមត្ថកិច្ចមូលដ្ឋានប្រគល់ទៅអោយខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាំដោះស្រាយគ្នានៅពេលក្រោយ៕



