ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន រថយន្តកូរ៉េដឹកត្រី ព្រលះរថយន្ត PEUGEOT ខ្ទេចទាំងសងខាង និងរបួសទាំងពីរនាក់
រាជធានីភ្នំពេញ៖ រថយន្តពីរគ្រឿង បើកបោះពួយយ៉ាងលឿន មិនប្រយ័ត្នមកដល់ផ្លូវបំបែកជាបួន បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតទ្បើងកាលពីវេលាម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចស្តុបបឋមសិក្សាទួលគោក ជាប់ក្រសួងសុខាភិបាល តាមផ្លូវ២៨៩ កែងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក PEUGEOT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-5518 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបត់ឆ្វេងទៅផ្លូវ៥៦៦ ស្របពេលនោះ ក៏មានរថយន្តដឹកគ្រឿងសមុទ្រ ១គ្រឿងទៀត ពណ៌សជាប្រភេទសាំយ៉ុង ១២កៅអី ពាក់ស្លាកលេខភ្នំពេញ 2F-9478 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅបញ្រ្ចាសគ្នា ជាមួយល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ដខាងលើពេញទំហឹង បណ្ដាលឲ្យរថយន្តសាំយ៉ុង ខ្ទាតឡើងខឿនរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯរថយន្ត PEUGEOT បានខ្ទាតបែរក្បាលត្រលប់ក្រោយ រងការខូចខាតមួយកំណាត់មុខ។
ដោយទ្បែកអ្នកបើករថយន្តទាំងពីរគ្រឿង បានរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្រ្គោះ ភ្លាមៗតែម្តង។ ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានមកដល់ហើយឲ្យតំណាងរថយន្តទាំងពីរគ្រឿង ធ្វើការដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីទាំងពីរ សម្រេចយករថយន្ត ទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួន ៕
អត្ថបទ៖ បងម៉េង




