ព័ត៌មានជាតិ
ជនជាតិឥណ្ឌាដែលដួលសន្លប់នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលនេះបានដឹងខ្លួនវិញហើយ , អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ថាមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ
BY Khmernote Media
February 9, 2020
កាលពីវេលាម៉ោងប្រមាណ ៩:៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ដែលជាជនជាតិឥណ្ឌាកាត់អង់គ្លេស បានដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ សមត្ថកិច្ចប្រចាំនៅព្រលានយន្តហោះបានឱ្យដឹងថា ជនបរទេសនេះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយាល់រតនៈ ក្រោយពេលពិនិត្យកំដៅក្នុងខ្លួន របស់ជនបរទេសរូបនេះគឺឃើញថា មិនមានការឡើងកម្តៅនោះទេ ហើយពេលជនបរទេសខាងលើបានដឹងខ្លួនវិញហើយ។
យោងតាមអង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា៖ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ឱ្យដឹងភ្លាមៗថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ៕



