ហួសចិត្ត! គ្រូបង្រៀនភាសាអង់គ្លេស សញ្ជាតិ អាមេរិក បន្លំលួចទូរស័ព្ទពីក្នុងកាបូបរបស់កូនសិស្ស
ខេត្តកណ្តាល៖ បុរសជាគ្រូបង្រៀនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទរបស់សិស្សសាលា។ កើតហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១៣.៣០នាទី ស្ថិតនៅចំណុច ក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្តកណ្ដាល ។ ជនរងគ្រោះមានឈ្មោះ គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ ភីម សុវណ្ណធឿន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ។

វត្ថុតាងដកហូតបានមាន ទូរសព្ទ័មួយគ្រឿង iPhone 7plus ពណ៌ខ្មៅ ។ សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងនិងនៅទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក នៅខណៈដែលជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យ ដែលបានអង្គុយក្បែរគ្នាបានបន្លំលួចលូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ។ ដោយមានការសង្ស័យ ជនរងគ្រោះបានសុំបើកកាមេរ៉ាសុវត្ថិភាព ពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យឆែកមើលឃើញជនសង្ស័យអង្គុយក្បែរ ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏បានហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុង ហោប៉ៅខោជនសង្ស័យ បន្ទាប់មកឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅដើម្បីចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន៕




