លោកអភិបាលស្រុកវ័យក្មេងរំភើបចិត្ត ពេលឃើញអ្នកភូមិព្រះដាក់ សស្រាក់សស្រាំរៀបចំក្រាលការ៉ូឡាលើចិញ្ចើមផ្លូវ ស្រុះស្រួលគ្នាយកពណ៌ប្រហែលគ្នានិងក្រាលស្នើៗគ្នានៅមុខផ្ទះដោយខ្លួនឯង
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចាប់ផ្តើមសាកល្បងយុទ្ធនាការ “ផ្ទះ១ អំពូល១” ធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលរាត្រី ព្រមទាំងមានគំរោងធ្វើវិទ្យាល័យគំរូមួយនៅស្រុកបន្ទាយស្រី ព្រមទាំងមានគម្រោងជាច្រើនទៀតអភិវឌ្ឈន៍ស្រុកបន្ទាយស្រីនេះ។ ពេលនេះលោកអភិបាលស្រុកបានប្រាប់ពីសកម្មភាពរបស់អ្នកភូមិបានស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯង នាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។ លោកអភិបាលស្រុកបានរៀបរាប់បន្តថា៖

“សុំលួចថតសកម្មភាពអ្នកភូមិព្រះដាក់ កំពុងសស្រាក់សស្រាំរៀបចំក្រាលការ៉ូឡាលើចិញ្ចើមសងខាងផ្លូវមុខផ្ទះដោយខ្លួនឯង កាលពីល្ងាចមិញបន្តិច។ សូមកុំច្រលំ ខ្ញុំលួចស្ងើចសរសើរទឹកចិត្តរបស់អ្នកភូមិព្រះដាក់ទេ។ តាមពិតទៅ ខ្ញុំកំពុងតែគិតរិះរកវិធីយ៉ាងណាដើម្បីគៀងគរថវិកាបដិភាគ ជម្រុញអោយតំបន់នេះមានរបៀបរៀបរយ អនាម័យនិងសោភ័ណភាពប្រសើរជាងមុននៅតាមផ្លូវដើរ ព្រោះជាតំបន់ទេសចរណ៍មានលក់នំបញ្ចុកនិងចំណីអាហារផ្សេងៗ ជាពិសេសក្រោយពេលដែលមានការរៀបចំផ្លូវថ្មីនិងអំពូលបំភ្លឺតាមថ្នល់បានស្រស់ស្អាតរួចហើយ។ ប៉ុន្តែ មិនទាន់ទាំងបានផ្សព្វផ្សាយពីគោលគំនិតនេះផង ស្រាប់តែអ្នកភូមិនៅទីនេះ ស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯង នាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានពិគ្រោះគ្នា ស្រុះស្រួលយកពណ៌ប្រហាក់ប្រហែលគ្នា និងក្រាលក្នុងកម្ពស់ស្មើៗគ្នាថែមទៀតផង។
ខ្ញុំឃើញហើយ ខ្ញុំរំភើប ខ្ញុំញញឹម។ ញញឹមប្រកបដោយមោទនភាពដែលបានបម្រើនៅក្នុងស្រុកដែលមានប្រជាពលរដ្ឋចេះខ្វាយខ្វល់បែបនេះ។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាពនិងភាពទាក់ទាញនៅក្នុសហគមន៍របស់ខ្លួន។ ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញនិងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបានរាល់បញ្ហាសង្គមនៅក្នុងស្រុករបស់យើង។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំនឹងជម្រុញបន្ថែមទៀតទៅលើបញ្ហាបរិស្ថាននៅក្នុងតំបន់នេះ លើកទឹកចិត្តអោយមានការដាំដើមផ្កានិងដើមឈើ និងមានការគ្រប់គ្រងអនាម័យសំរាមអោយរឹតតែបានល្អប្រសើរជាងមុន៕”
















